រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានទទួលជួបឯកឧត្តម Ermenegildo Kupa lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្ដែងការគួរសម។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវអំណរសាទរជូនចំពោះ ឯកឧត្តម ឯកអគ្គ រដ្ឋទូតថ្មី ដែលទើបត្រូវបានតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនភ្ញៀវអំពីសក្តានុពល និងដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់វិស័យកសិកម្មកម្ពុជា ជាពិសេសក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកផលិតភាពផលិតកម្មកសិកម្ម និងទីផ្សារនាំចេញកសិផលជាច្រើន ទៅកាន់ទីផ្សារអន្តរជាតិ មានដូចជា៖ ស្រូវ អង្ករ ស្វាយ ចេក ស្វាយចន្ទី ដំឡូងមីស្រស់-ក្រៀម បន្លែ ត្រី និងសត្វ។ល។

តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម តាមរយ:ការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស និងផ្លាស់ប្តូរបទពិសោធន៍រវាងថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត និងមន្រ្តីជំនាញ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យកសិកម្មគួរឱ្យចាប់អារម្មណ៍ ហើយការរីកចម្រើននេះបានជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយភាពក្រីក្របានយ៉ាងល្អប្រសើរ។ ក្នុងអាណត្តិនៃការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំជំរុញ និងពិនិត្យឡើងវិញ លើកិច្ចសហប្រតិបត្តិការវិស័យកសិកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ហើយនឹងពិនិត្យ និងរៀបចំឯកសារអនុស្សរណ:នៃការយោគយល់គ្នាលើការនាំចេញកសិផល និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងពេលឆាប់ៗ។

ដោយឡែក ចំពោះការនាំចេញអង្ករទៅកាន់ទីផ្សារទីម័រខាងកើត ឯកឧត្តម ឯកអគ្គរដ្ឋ ទូត នឹងខិតខំជំរុញឱ្យពាណិជ្ជករទីម័រខាងកើតមកសិក្សា និងឈ្វេងយល់បន្ថែមអំពីនីតិវិធីច្បាប់ បច្ចេកទេស និងបែបបទនៃការនាំចេញរបស់កម្ពុជា ឱ្យបានស៊ីជម្រៅ ហើយសង្ឃឹមថា អង្ករកម្ពុជានឹងមានលក់នៅទីផ្សារទីម័រខាងកើតក្នុងពេលអនាគតដ៏ខ្លី។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសជួបឯកឧត្ដម ឯកអគ្គរដ្ឋទូត កាលពីថ្ងៃទី២៧ ខែឧសភា នៅវិមានសន្តិភាពថា រដ្ឋាភិបាលទីម័រខាងកើតគួរបញ្ចូនក្រុមហ៊ុន ឬពាណិជ្ជករមកសិក្សា ឈ្វេងយល់អំពីសក្តានុពលនៃការផលិតស្រូវ បង្កើតរោងម៉ាស៊ីន និងវេចខ្ចប់ឱ្យបានសមស្របតាមស្តង់ដាររបស់ទីផ្សារទីម័រខាងកើត ហើយករណីនេះភាគីកម្ពុជានឹងរង់ចាំផ្តល់កិច្ចសហការឱ្យពេញលេញ ធ្វើយ៉ាងណាឱ្យការវិនិយោគនេះសម្រេចទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរឱ្យបេសកកម្មការទូតរបស់ឯកឧត្តម នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ៕ ដោយ៖ សេង សុវណ្ណនី(ប្រភពក្រសួងកសិកម្ម)