គ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

កាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០  ឯកឧត្តម អម សុភា អភិ    បាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចែកជូនដល់គ្រួសារក្រីក្រ ជនចាស់ជរាគ្មានទីពឹង ខ្វះខាតស្បៀងចំនួន ៤៥គ្រួសារ  ស្ថិតនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្នុងដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក លោកស្រី សមាជិកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ជាច្រើននាក់ផងដែរ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា គ្រឿងឧបភោគបរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងប្រជាពលរដ្ឋរងគ្រោះ ពិសេសមនុស្សចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ​មេរោគអេដស៍ជាដើម ។ ទោះបីជាអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិត ក្នុងកាលៈទេសៈប្រទេសជាតិកំពុងទទួលរងគ្រោះដោយជំងឺរាលត្បាតកូវីដ-១៩ នោះផង។

ឯកឧត្តម  ក៏បានសំណូមពរ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាព ការពារខ្លួនពីជំងឺកូវីដ-១៩ ដោយត្រូវរក្សាអនាម័យ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពី វិធានការការពារជីវិតពីជំងឺដ៏កាចសាហាវមួយនេះ ។ នៅក្នុងឱកាសនោះដែរឯកឧត្ត អម សុភានិងសមាជិកសាខាកាកបាទក្រហមកម្ពុជាទាំងអស់បានធ្វើការចែកអំណោយជូនដល់គ្រួសារក្រីក្រ ជនចាស់ជរាគ្មានទីពឹង ខ្វះខាតស្បៀងទាំង ៤៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់ (មាន សារុង១ ក្រមា១ មុង១ ភួយ១) , ទឹកជែលលាងដៃ ១ដប, ម៉ាស១ និង ថវិកា ២ម៉ឺនរៀល ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានចែកថវិកាដល់កុមារតូចជាច្រើននាក់ ផងដែរ៕ដោយ៖បៃ ស៊ីថុន