អភិបាលខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩

AKP កណ្តាល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យមានការធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ បើទោះបីជាប្រទេសកម្ពុជារបស់យើងមានភាពធូរស្រាលក៏ដោយ តែយើងត្រូវតែបន្តនូវការសម្អាតអនាម័យជាប្រចាំ ដោយលាងដៃជាមួយសាប៊ូ ឬអាល់កុល ពេលចេញក្រៅត្រូវពាក់ម៉ាស ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩។

ឯកឧត្ដមអភិបាលខេត្តអំពាវនាវបែបនេះ ក្នុងឱកាសឯកឧត្ដមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានផងដែរ។

ឆ្លើយតបចំពោះសំណូមពររបស់តំណាងប្រជាពលរដ្ឋនាពេលនោះ ឯកឧត្តមអភិបាលខេត្ត បានសន្យាថា នឹងចាត់ឱ្យក្រុមការងារជំនាញពាក់ព័ន្ធចុះសិក្សាភ្លាមៗ ពីគម្រោងផ្លូវបេតុងចំនួនពីរខ្សែ ព្រមទាំងរៀបចំប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះបានប្រើប្រាស់។

នៅក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំយកថវិកាជូនដល់ប្រជាពលរដ្ឋទាំង ១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ។ ក្នុងនោះលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី បានឧបត្ថម្ភ ក្រមា១, សាប៊ូ១ដុំ, និងនំបាញ់ហយ មួយប្រអប់ផងដែរ ៕ ដោយ៖ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)