អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពិនិត្យផ្សារទំនើប PRINCE MALL ស្ថិតនៅតាមបណ្តោយផ្លូវ ២ធ្នូ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

នារសៀលថ្ងៃព្រហស្បត្តិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីមន្ទីរ អង្គភាពអញ្ជើញពិនិត្យផ្សារទំនើប PRINCE MALL មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ២ធ្នូ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។

តាមតំណាងក្រុមហ៊ុន PRINCE MALL បានឱ្យដឹងថា ក្រុមហ៊ុនព្រីនស៍ ជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេក្នុងខេត្តព្រះសីហនុ បានផ្តល់ការងារ និងផ្តល់អត្ថប្រយោជន៍ បង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ ក្រុមហ៊ុនមានគម្រោងវិនិយោគធំៗចំនួន ០៧ ក្នុងខេត្តព្រះសីហនុ មានរយ:ពេលមធ្យម និងរយ:ពេលវែង ។ ដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ ធ្វើឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍគម្រោងជាបន្តបន្ទាប់មានដូចជា ផ្សារទំនើប, ខុនដូរ, សណ្ឋាគារ, និងកាស៊ីណូជាដើម។ ក្រុមហ៊ុនសង្ឃឹមថា ការវិនិយោគនៅខេត្តព្រះសីហនុ ទទួលបានការសហការគាំទ្រពីអាជ្ញាធរក្រុង ខេត្តព្រះសីហនុ ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបន្ថែមទៀតក្នុងខេត្តព្រះសីហនុ  ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ថ្ងៃនេះយើងបានឃើញវឌ្ឍនភាព ក៏ដូចជាគោលដៅរបស់ក្រុមហ៊ុនព្រីនស៍ ក្នុងការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដែលគម្រោងខ្លះមានរយ:ពេលយូរ និងគម្រោងខ្លះត្រូវបានបញ្ចប់នាពេលខាងមុខនេះ។ ការវិនិយោគរបស់ព្រីនស៍ក្នុងការស្វែងរកចំណូល បានចូលរួមចំណែកយ៉ាងធំធេង និងការបង្ហាញពីការអភិវឌ្ឍនៅក្រុងព្រះសីហនុរបស់យើង ក៏ដូចជាការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ ។

ការវិនិយោគនេះ បានបង្កើតការងារយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់យុវជនកម្ពុជា ដែលមានផ្ទៃសំណង់ស្ទើរតែរាប់លានម៉ែត្រក្រឡាដែលក្រុមហ៊ុនព្រីនស៍ធ្វើការសាងសង់ ស្របពេលសាងសង់បានផ្ដល់ការងារ ហើយពេលដំណើរសាងសង់រួច ក៏បានផ្ដល់ការងារដល់យុវជនកម្ពុជារបស់យើងយ៉ាងច្រើន។ ព្រីនស៍បានរួមចំណែកបង់ពន្ធដារជូនរដ្ឋសម្រាប់យកធ្វើការអភិវឌ្ឍផ្សេងទៀតក្នុងខេត្ត ក្រោយពេលសាងសង់រួចពន្ធអចលនទ្រព្យ អាចប្រមូលយកមកអភិវឌ្ឍន៍ក្នុងមូលដ្ឋានបានមួយផ្នែកសម្រាប់ខេត្តព្រះសីហនុ ។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ថា ជាទីក្រុងសេដ្ឋកិច្ចពិសេសពហុបំណង ឬអាចនិយាយបានថា ជាតារារះ នាទិសនិរតី ។

ឯកឧត្តម គួច ចំរើន សង្ឃឹមថា ព្រីនស៍នឹងធ្វើការវិនិយោគផ្សារហិរញ្ញវត្ថឱ្យមានភាពរុងរឿង និងផ្តល់អត្ថប្រយោជន៍ជាស្ពានចម្លងរវាងក្រុង ទៅនឹងបណ្តាក្រុមហ៊ុន ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាទីក្រុងទេសចរណ៍រួចស្រេចហើយ អ្វីដែលយើងចង់បាន គឺចង់មានការវិនិយោគលើវិស័យទេសចរណ៍ឱ្យកាន់តែសម្បូរបែបជាងនេះ ព្រោះថា បច្ចុប្បន្ននៅក្នុងទីក្រុងរបស់យើងការវិនិយោគបម្រើឱ្យវិស័យទេសចរណ៍មិនទានឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរបានគ្រប់គ្រាន់ ។ យើងចង់បានការវិនិយោគបន្ថែមលើវិស័យទេសចរណ៍ ហើយភ្ញៀវទេសចរអាចពន្យារពេលធ្វើទេសចរណ៍ក្នុងទីក្រុងរបស់យើងកាន់តែវែង កាន់តែយូរ ដោយពួកគេដើរកម្សាន្ត ចាយវាយនៅទីនេះ ហើយក្រុមហ៊ុនវិនិយោគក៏ទទួលបានផលពីភ្ញៀវទេសចរនេះផងដែរ ។ យើងក៏ចង់បានការលម្អរៀបចំឌីហ្សាញអភិវឌ្ឍន៍ភ្លើងបំភ្លឺទីក្រុង ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរ គេតែងតែស្ងើចសរសើរទីក្រុងហុងកុងមានភ្លើងពណ៌ យើងក៏មានមហិច្ឆតាចង់ ឱ្យភ្ញៀវទេសចរមកមើលភ្លើងពណ៌នៅខេត្តព្រះសីហនុរបស់យើងដែរ ។

ឯកឧត្តម បញ្ជាក់ថា  ព្រីនស៍ជាដៃគូរដ៏ល្អរបស់ខេត្តព្រះសីហនុ ក្នុងការធ្វើការអភិវឌ្ឍលើវិស័យទេសចរណ៍ ដើម្បីភាពទាក់ទាញ ព្រីនស៍នឹងទទួលបានផលប្រយោជន៍ជាបន្តបន្ទាប់ពីភ្ញៀវទេសចរ ជាក់ជាមិនខាន ៕ ដោយ៖ងូ សុមុនី