សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាំអំណោយមនុស្សធម៌ ជូនគ្រួសារក្រីក្រនៅ ស្រុកកោះញែក

AKP មណ្ឌលគិរី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋមានការខ្វះខាតស្បៀងអាហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនចាស់ជរា ជនពិការ និងគ្រួសារក្រីក្រចំនួន ៦៨គ្រួសារ ស្ថិតនៅឃុំសុខសាន្ត និង ឃុំអរបួនលើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក បានបន្តថា អំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» »ទីណាមានទុក្ខលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា»។

នាឱកាសនោះ លោក សាយ ម៉េងគីម បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តន៍វិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ផ្តល់ជូនជនចាស់ជរា ជនពិការ និងគ្រួសារក្រីក្រចំនួន ៦៨គ្រួសារ ក្នុងឃុំសុខសាន្ត និង ឃុំអរបួនលើ ស្រុកកោះញែក ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ, អាវយឺត, សាប៊ូ ១ដុំ, និង ម៉ាសការពារជំងឺកូវីដ-១៩។

ដោយឡែកជនពិការចំនួន ០៣នាក់ ក្នុងម្នាក់ៗ ទទួលបានកង់រទេះរុញ និង ថវិកាមួយចំនួនផងដែរ៕ ដោយ៖ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)