ប្រជាពលរដ្ឋក្រីក្រ និងកំពុងធ្វើចត្តាឡីស័ក ២៤៥គ្រួសារក្នុងស្រុកសូទ្រនិគម បានទទួលអំណោយពីលោកជំទាវអភិបាលរងខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី​​​១២ ខែ​មិថុនា ឆ្នាំ២០២០–

ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន ២៤៥គ្រួសារ ដែលស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានមកជួបជុំគ្នានៅក្នុងតំបន់ពីរដាច់ដោយឡែកពីគ្នា ដើម្បីទទួលអំណោយពីលោកជំទាវអភិបាលរងខេត្តសៀមរាប ពោលគឺការជួបជុំទី១នៅក្នុងបរិវេណវត្តប្រាសាទចន្លោង ក្នុងឃុំចាន់សរ មានប្រជាពលរដ្ឋចំនួន ១៤៥គ្រួសារ និងបន្តទៅការជួបជុំទី២នៅសាលាឃុំសំរោងមានប្រជាពលរដ្ឋ១០០គ្រួសារ ដែលការជួបជុំទាំងពីរខាងលើនេះស្ថិតនៅក្នុងថ្ងៃតែមួយពោលគឺថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងពិធីជួបជុំដើម្បីចែក និងទទួលអំណោយនោះ ក្រុមគណៈប្រតិភូដែលដឹកនាំដោយលោកជំទាវអភិបាលរងខេត្ត បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋយ៉ាងរួសរាយរាក់ទាក់ ព្រមទាំងប្រគល់ជូននូវអំណោយដែលបាននាំយកទៅជាមួយ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ, និងប្រេងឆា១ដបធំ។

នៅក្នុងពិធីសំណេះសំណាលនោះ លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និងជាប្រធានសមាគមនារីកម្ពុជា ដើមី្បសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានឱ្យដឹងថា អំណោយទាំងនេះបានមកពីសប្បុរសជនជាតិយើង​ រួមមាន សហគ្រាសមីជាតិយើងបានផ្តល់មីចំនួន ៤០កេសធំ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវបានផ្តល់ម៉ាសចំនួន៥០ដុំ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា បានផ្តល់ជាគ្រឿងឧបភោគបរិភោគមួយចំនួន និងលោកជំទាវឧកញ៉ា សួង ស្រីទូច បានឧបត្ថម្ភថវិការចំនួន ២ពាន់ដុល្លារអាម៉េរិក តាមរយៈលោកជំទាវផ្ទាល់។

លោកជំទាវ យូ សុភា ក៏បានថ្លែងអំណរគុណដល់ម្ចាស់សប្បុរសជនទាំងអស់ ដែលមានទឹកចិត្តដ៏សប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋនៅពេលនេះ។ លោកជំទាវបានគូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលកន្លងមកនេះក៏បានធ្វើសម្រងស្ថិតិគ្រួសារក្រីក្រទាំងអស់ ដែលទទួលរងផលប៉ះពាល់ក្នុងពេលមានវិបត្តិកូវីដ-១៩ ដោយមិនទុកឱ្យគ្រួសារបងប្អូនស្លាប់ដោយឥតអាហារនោះឡើយ។

ក្នុងនោះដែរលោកជំទាវ យូ សុភា ក៏ពាំនាំនូវការផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដើមី្បជាមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំ ងនិងបង្ការ ការពារទប់ស្កាត់នូវរលកទី២ នៃជំងឺឆ្លងកូវិដ-១៩ ទោះបីមានភាពធូរស្រាលពីជំងឺកូវីដ១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល ហើយក្នុងពេលថ្មីៗនេះដែរ កម្ពុជាក៏មានអ្នកនាំចូលនូវជំងឺកូវីដ-១៩ ថ្មីទៀតផង។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ជាពិសេសត្រូវចេះធ្វើអនាម័យឱ្យបានជាប្រចាំនៅក្នុងក្រុមគ្រួសារ ព្រមទាំងកាត់បន្ថយនូវការជួបជុំ ប្រមូលផ្តុំគ្នា ៕ ដោយ៖ ហង្ស សៀក