អាជ្ញាធរ ដាក់ម៉ាស៊ីនបូមភក់ចេញពី កសិន្ធុប្រាសាទបាគង ដើម្បី​សង្គ្រោះត្រីដែលនៅសល់

AKP សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

អាជ្ញាធរ​ស្រុក​ប្រាសាទ​បាគង សហការ​ជាមួយ​អាជ្ញាធរ​ជាតិអប្សរា នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បាន​សម្រេច​ដាក់​ម៉ាស៊ីនបូមយកភក់ចេញ​កសិន្ធុប្រាសាទ​បាគង​ បន្ទាប់ពីកសិន្ធុនេះបានរីងទឹក ធ្វើឱ្យត្រីធំៗមួយចំនួនបាន​ងាប់។

លោក សូ ប្លាតុង អភិបាល​ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប បាន​ឱ្យ​ដឹងថា ដើម្បីសង្គ្រោះត្រី ដែលនៅសល់ កាលពីម្សិលម៉ិញអាជ្ញាធរបាន​ប្រើប្រាស់វិធានការ ៣រួចមកហើយ គឺទី១-សមត្ថកិច្ចបានយករថយន្តដឹកទឹកពីក្រៅមកបញ្ចូលក្នុងកសិន្ធុ ដើម្បីឱ្យត្រីនៅសេសសល់អាចបន្តរស់បាន។ ទី២-ការបុកអណ្តូងទឹកដើម្បីបូមបញ្ជូលទៅក្នុងកសិន្ធុនេះ ។

ទី៣-កម្លាំងប្រជាការពារកាយភក់ចេញដើម្បីឱ្យជ្រៅបន្តិច ហើយនៅថ្ងៃនេះអាជ្ញាធរស្រុកប្រាសាទបាគង សហការជាមួយអាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ម៉ាស៊ីនបូមភក់ចេញពីកសិន្ធុ បន្ទាប់ពីអាជ្ញាធរសិក្សាឃើញថា នៅខាងក្រោមពើកដែលរលួយមានទឹកដក់នៅច្រើន។

ដូច្នេះបើបូមយកភក់ដែលជាកម្ទេចពើករលួយចេញទឹកនឹងមានច្រើន អាចឱ្យត្រីបន្តរស់នៅបាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងមិនទាន់ដឹងពីលទ្ធផលនៅឡើយទេថា មានប្រសិទ្ធភាពប៉ុណ្ណាគិតត្រឹមម៉ោង ៤រសៀលថ្ងៃទី១១ ខែមិថុនានេះ ដោយសារក្រុមការងារកំពុងតែរៀបចំដាក់ម៉ាស៊ីនចូល។

ដោយឡែក លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ​អប្សរាវិញ បាន​បង្ហាញដែរថាដើម្បីដោះស្រាយបញ្ហានេះ នៅថ្ងៃអនាគត់អាជ្ញាធរជាតិអប្សរា មានគោលដៅស្នើសុំទៅរាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍបារាយណ៍ប្រាសាទលលៃឡើងវិញ ដើម្បីអាចស្តុកទឹកបានច្រើនឡើងវិញ និងអាចជួយធ្វើឱ្យកសិន្ធុប្រាសាទបាគងនេះឈប់រីងទឹកបន្តទៀត ដោយសារតែបារាយណ៍ប្រាសាទលលៃនេះ មាន​ប្រព័ន្ធភ្ជាប់គ្នាជាមួយកសិន្ធុប្រាសាទបាគង។

លោកបន្តថា អាជ្ញាធរជាតិអប្សរាធ្លាប់អនុវត្តន៍ជាក់ស្តែងទទួលបានជោគជ័យរួចមក នៅបារាយណ៍ប្រាសាទនាគព័ន្ធ ដែលកាលពីមុននៅទីនោះឱ្យតែដល់រដូវប្រាំងគឺទឹករីងអស់។ ប៉ុន្តែបន្ទាប់ពីបានធ្វើការអភិវឌ្ឍន៍ឡើងវិញឃើញថា នៅបារាយណ៍ប្រាសាទនាគព័ន្ធមិនរីងទៀតទេ៕ ដោយ៖ឃុត សៅ