សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ១១.មិថុនា.២០២០

១.ចិន៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វ៉ាក់សាំងការពារវីរុសកូវីដ១៩ដែលត្រូវបានបង្កើតឡើងដោយអ្នក ស្រាវជ្រាវចិនបានបង្ហាញការរវិវត្តល្អក្នុងការសាកល្បងលើសត្វស្វាដែលបានបង្កើត ឱ្យមានប្រព័ន្ធការពារ ហើយការសាកល្បងលើមនុស្សដែលមានអ្នកចូលរួមជាង១.០០០ នាក់កំពុងដំណើរការហើយ ។  វ៉ាក់សាំងនេះបានបង្កើតប្រព័ន្ធការពារដែលអាចរារាំងវីរុសពីការឆ្លងចូលក្នុងកោសិកាលើសត្វស្វា,កណ្តុរ,និងទន្សាយបាន ។

២.អ៊ីតាលី៖ ក្រុមតំណាងឱ្យសាច់ញាតិរបស់អ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅទីក្រុងប៊ែរកាម៉ូដែលជាទីក្រុងមួយរងគ្រោះខ្លាំងជាងគេក្នុងប្រទេសអ៊ីតាលីបានស្នើឱ្យរដ្ឋអាជ្ញា ស៊ើបអង្កេតអំពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះការគ្រប់គ្រងវីរុសរាតត្បាត ក្នុងប្រទេស ។ មេធាវីក្រុមនេះបាននិយាយថា មានពាក្សបណ្តឹងប្រមាណ ៤០ ត្រូវបានប្តឹងស្ដីពីការផ្ទុះឡើងនាំជំងឺកូវិដ ១៩ នៅតំបន់ឡុំបាឌី ដែលមានអ្នកស្លាប់ប្រហែលពាក់កណ្តាលនៃការស្លាប់សរុបរបស់ជនជាតិអ៊ីតាលីដែលមានជាង ៣៤.០០០ នាក់ ។

៣.រុស្ស៊ី៖ប្រទេសរុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការឆ្លងរាតត្បាតនៃជំងឺវីរុសកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល ក្នុងបញ្ជីប្រទេសដែលមានការរាតត្បាតជំងឺកូវីដ ១៩ ខ្លំាងជាងគេហើយការឆ្លើយតបរបស់រដ្ឋាភិបាលត្រូវបានទទួលការរិះគន់យ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ។ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយការពារការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ីចំពោះការរាតត្បាតនៃវីរុសនេះ ។

៤.អាមេរិក៖ក្រុមយុទ្ធនាការឃោសនារបស់ប្រធានាធិបតីដូណាល់ត្រាំកំពុងទាមទារឱ្យទូរទស្សន៍ស៊ីអិនអិនសុំទោសចំពោះការផ្សាយការស្ទង់មតិថ្មីៗនេះដែលបានបង្ហាញថាសំលេងគាំទ្រលោកត្រំាចាញ់ចំនួនសំលេងរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក ចូ ប៊ីដែន ។ការទាមទារត្រូវបានបដិសេធភ្លាមៗ ដោយបណ្តាញ ទូរទស្សន៍ ស៊ីអិនអិនហើយអ្នកនាំពាក្យស៊ីអិនអិនបាននិយាយថាការចេញផ្សាយនេះឈរលើការស្ទង់មតិ ជាក់ស្តែង។

អត្ថបទ ឆាយ វីកាល