សហព័ន្ធទោចក្រយាន ប្រកាសរៀបចំការជិះកង់រម្លឹកខួបទិវាចងចាំដំណើរ ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០–

សហព័ន្ធខ្មែរកីឡាទោចក្រយានបានជូនដំណឹងដល់ក្លឹប សមាគម និងសាធារណជន ដែលស្នេហាវិស័យ​កីឡា​​ទោចក្រយានទាំងអស់ឱ្យបានដឹងថា សហព័ន្ធសហការជាមួយកងអាវុធហត្ថលើផ្ទៃប្រទេសនឹងរៀប​ចំ​កម្មវិធីជិះ​កង់ដើម្បី “អបអរសាទររលឹកខួប លើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ​ពូជ​សាសន៍ប៉ុលពត” ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដោយចេញដំណើរនៅ​មុខវិមាន​ឈ្នះ ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញឆ្ពោះទៅកាន់ភូមិកោះថ្ម ស្រុកមេមត់ ខេត្ត​ត្បូងឃ្មុំ។

ការទទួលពាក្យចុះឈ្មោះចូលរួមចាប់ផ្តើមទទួលរហូតដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់​ការសហព័ន្ធខ្មែរកីឡាទោចក្រយានស្ថិតនៅក្នុងអគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាន់ទី​២។ ចំពោះការហូបចុក និងដឹកជញ្ជូនទៅមកគឺជាបន្ទុករបស់គណៈកម្មការរៀបចំ។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ជិះកង់​រម្លឹកទិវាចងចាំនេះជាលើកដំបូង នៅឆ្នាំ២០២០នេះ ដែលមកដល់ពេលនេះមានអ្នកចុះឈ្មោះ​បានប្រមាណ​៨០​នាក់ហើយៗបន្តទទួលចុះឈ្មោះកំណត់ត្រឹម១២០នាក់ ដោយមិនបើកទូលាយពេកទេ ដោយសារស្ថិត​នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ នេះផង។ លោកបានបន្ដថា សម្រាប់ការជិះកង់នេះ ចែកចេញជាពីរ​ដំណាក់​កាល គឺទី១ ចេញដំណើរពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ពីមុខវិមានឈ្នះឈ្នះឆ្ពោះទៅបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ដែលមានចម្ងាយផ្លូវ ២១,៦គីឡូម៉ែត្រហើយសម្រាកនៅចំណុចនេះ​រួច​លើកកង់ដាក់រថយន្តឆ្ពោះទៅចំណុចស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីបន្តនៅដំណាក់កាលទី២ ដែលគ្រោង​បន្តនាវេលាម៉ោង១និង៣០នាទីថ្ងៃដដែល ដែលមានចម្ងាយផ្លូវ៣៥,៩គីឡូម៉ែត្រ សរុបទាំងពីរដំណាក់កាល គឺកីឡាករ កីឡាការិនីត្រូវជិះកង់លើចម្ងាយផ្លូវ ៥៧,៥គីឡូម៉ែត្រ៕ដោយ៖ហេង​ ណាលីន