ក្រុមខេត្តកណ្តាលត្រៀមខ្លួន ពានរង្វាន់សម្តេចតេជោ វគ្គ៨ក្រុមចុងក្រោយ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០–

តំណាងក្រុមបាល់ទាត់ខេត្តកណ្ដាលអះអាងថា ខ្លួនបានរួចរាល់ហើយតាមរយៈការបង្កើន ការហ្វឹកហាត់យ៉ាងខ្លាំងក្លា សម្រាប់ត្រៀមការប្រកួតពានរង្វាន់បាល់ទាត់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តនឹងត្រូវចាប់គូវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២០ ហើយចាប់ផ្តើមប្រកួតឡើងវិញនាថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

លោក ពុំ តុលា គ្រូបង្វឹកក្រុមខេត្តកណ្តាលបានលើកឡើងថា លោកពិតជារីករាយ ដែលក្រុមរបស់លោកខិតខំប្រកួត ហើយឆ្លងផុតវគ្គជម្រុះចែកពូល ហើយបន្តនៅក្នុងពាន​សម្ដេចតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយថ្នាក់ខេត្ត។ ក្រុមរបស់លោកបានឈានមក​ដល់វគ្គនេះ គឺជាការខិតខំប្រឹងប្រែងហ្វឹកហាត់ទាំងកីឡាករ និងគ្រូបង្វឹក ហើយលោកនឹង​ជំរុញ​លើកទឹកចិត្តកូនក្រុមរបស់ខ្លួនបន្ថែមទៀត ដើម្បីដណ្តើមជ័យជម្នះជូនខេត្តកណ្តាល។

សូមរម្លឹកផងដែរថា ការប្រកួតពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តនឹងបន្តធ្វើ​ការប្រកួត​​ឡើងវិញពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា ហើយការប្រកួតថ្នាក់ជាតិ​គ្រោង​ចាប់ផ្តើមពីថ្ងៃទី១២ និង១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត​កណ្តាលបានលើកទឹកចិត្តជូនដល់ កីឡាករក្រុមខេត្តកណ្តាលឱ្យខិតខំហ្វឹកហាត និងបន្ត​ការ​ប្រកួតនៅវគ្គ៨ក្រុមចុងក្រោយឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែងឡើងទៅវគ្គបន្តទៀត ជាពិសេសគឺលើកមុខមាត់ខេត្តកណ្តាល តាមរយៈការប្រកួតប្រជែងបង្កើតស្នាដៃថ្មីៗបន្ថែម ទៀត។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រូវ​បានចែកចេញជាពីរថ្នាក់ គឺការប្រកួតថ្នាក់ខេត្ត និងការប្រកួតថ្នាក់ជាតិ ដោយក្រុមជ័យ​លាភី​ពី​ថ្នាក់ខេត្តចំនួន៣ក្រុមត្រូវឡើងមកប្រកួតនៅថ្នាក់ជាតិ ជាមួយនឹង១២ក្រុមនៃក្រប​ខ័ណ្ឌ លីគ​​កំពូលកម្ពុជា ក្នុងចំណោម១៣ក្រុម ដែលក្រុមយុវជនសាលាបាល់ទាត់​បាទីមិន​ចូល​រួម៕ ដោយ៖ ហេង ណាលីន