សហព័ន្ធកីឡាសីដក់ និងឈីនឡូនកម្ពុជាប្រមូលផ្តុំក្រុមជម្រើសជាតិហ្វឹកហាត់ឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០–

សហព័ន្ធកីឡាសីដក់ និងឈីនឡូនកម្ពុជាបានប្រមូលផ្តុំក្រុមជម្រើសជាតិថ្នាលកីឡាសីដក់ឡើង វិញជា ជំហានៗ ដូចប្រភេទកីឡាដទៃៗទៀតដែរ ដោយកំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្មនៅពហុកីឡដ្ឋានជាតិ ជារៀងរាល់ថ្ងៃ។

លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិកីឡាសីដក់ និងឈីនឡូនបានឱ្យដឹងថា ចាប់តាំងពីដើមខែ​មិថុនានេះ សហព័ន្ធបានប្រមូលផ្តុំក្រុមជម្រើសជាតិថ្នាលហ្វឹកហាត់ឡើងវិញ ខណៈក្រុមជម្រើសជាតិឈុតធំ​មិនទាន់ប្រមូលផ្តុំនៅឡើយទេ។ លោកបន្ថែមទៀតថា ក្រុមថ្នាលយុវជននេះមាន១៦នាក់ គឺកីឡាករ៨នាក់ និង​កីឡាការិនី៨នាក់ ដែលហ្វឹកហាត់ពេញ១ឆ្នាំៗតែម្តង ដើម្បីត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងនៅក្នុង ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា ការខិតខំហ្វឹកហាត់នេះនឹងជួយជំរុញ​គុណភាពបច្ចេកទេស សមត្ថភាពរបស់កីឡាករ កីឡាការិនីកាន់តែប្រសើរសម្រាប់ការប្រកួតអន្តរជាតិនានា ដូចជាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍ KING CUP នៅប្រទេសថៃ នាចុងឆ្នាំ២០២០នេះ ប្រសិនបើម្ចាស់ផ្ទះថៃប្រកាសបើកឱ្យដំណើរការ​ប្រកួតឡើង​វិញ ក្រោយស្ថានភាពវិបត្តិកូវីដ-១៩ ល្អប្រសើរឡើងវិញ។

ក្នុងចំណោមកីឡាករ កីឡាការិនីថ្នាលទាំង១៦នាក់នេះនឹងត្រូវសហព័ន្ធកីឡាសីដក់ និងឈីនឡូន​កម្ពុជា​ជ្រើសរើសឱ្យចូលរួមបន្តការហ្វឹកហាត់នៅក្រុមជម្រើសជាតិឈុតធំ នៅពេលពួកគាត់ចម្រើនវ័យ១៩ឆ្នាំ ហើយក៏ជាក្តីសង្ឃឹមមួយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

លោក ជាតិ ខេមរា រំពឹងថា ការប្រមូលផ្តុំក្រុមជម្រើសជាតិឈុតធំឡើងវិញនឹងអាច ធ្វើឡើងនាពេល ខាងមុខឆាប់ៗនេះ ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិ KING CUP នៅប្រទេសថៃដោយត្រៀមប្រកួតលើវិញ្ញា សា ជាក្រុម៣នាក់ទល់៣នាក់ បុរស-នារី ២នាក់ទល់២នាក់បុរស-នារី និងសីកន្ត្រក។ បច្ចុប្បន្នកីឡាករ​ឈុតធំនៅបន្តការហ្វឹកហាត់នៅតាមផ្ទះនៅឡើយ។ គ្រូបង្វឹកជម្រើសជាតិកីឡាសីដក់រូបនេះអះអាងទៀតថា ការហ្វឹកហាត់ដោយខ្លួនឯង នៅតាមផ្ទះកំពុងធ្លាក់ចុះនូវសិទ្ធផលខ្លាំង មិនល្អប្រសើរដូចការហ្វឹកហាត់​ជាក្រុម​រួម​គ្នាឡើយ។

សូមរម្លឹកថា ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ការប្រកួត ការប្រមូលផ្តុំហ្វឹកហាត់ជាក្រុមគ្រប់​ប្រភេទកីឡា ទាំងអស់ត្រូវបានរំសាយ ដោយបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ចាប់តាំងពីពាក់កណ្តាល​ខែមីនា ឆ្នាំ២០២០មកម្លេះ។ ពេលនេះការហ្វឹកហាត់ជាក្រុមធំៗឡើងវិញ គឺភាគច្រើនជាក្រុមថ្នាលគ្រប់​ប្រភេទ​កីឡា៕ ដោយ៖ហេង ណាលីន