អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ក្រើនរម្លឹកប្រជាពលរដ្ឋឱ្យបន្តការ​យកចិត្តទុកដាក់អនុវត្តន៍វិធានការ ការពារទប់ស្កាត់ជំងឺកូវីដ១៩ជាប្រចាំ

AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវ​ដោយក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបន្តយកចិត្តទុកដាក់អនុវត្តន៍វិធានការ​​ការពារទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបាន ជាប់ជាប្រចាំ ដើម្បីសុវត្ថិភាពសុខភាពនៃការរស់នៅ បើទោះជាស្ថានភាពកូវីដ១៩នៅ កម្ពុជាមាន​ភាពស្ងប់ស្ងាត់បន្តិចក៏ដោយ ប៉ុន្តែវាអាចនឹងប្រឈមនៅរលកទី២ ប្រសិនបើ យើងមើលស្រាលស្ថានភាពនៃការរីករាលដាលនេះ។

ការថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសឯកឧត្តម អ៊ី ឡុង បានដឹកនាំក្រុមការងារនាំយក​អំណោយជាស្បៀងអាហាររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ​ទៅ​ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចាស់ជរាចំនួនជាង៥០គ្រួសារ នៅក្នុង សង្កាត់ចំនួន២របស់ក្រុងសិរីសោភ័ណ ​រួមមានសង្កាត់ភ្នៀត៣០គ្រួសារ និងសង្កាត់ កោះពងសត្វ២០គ្រួសារ កាលពី​ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ស្ថិតនៅបរិវេណវត្តភ្នៀត សង្កាត់ភ្នៀត ​ដើម្បីជួយសម្រួលដល់​ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែល ជួបការលំបាក ដោយសារតែវិបត្តិជំងឺកូវីដ១៩នេះ។

ក្នុងឱកាសនោះឯកឧត្ដម អ៊ី ឡុង បានលើកឡើងថា ជំងឺកូវីដ១៩ នៅតែបន្តគំរាម កំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យឱ្យបានត្រឹមត្រូវ ​​ដើម្បីកុំ​ឱ្យឆ្លងរោគពីគេមកយើង​ និងពីយើងទៅគេ​។ បើចាំបាច់​ចេញក្រៅផ្ទះត្រូវពាក់ម៉ាស់ ការពារ ត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជេលជាប្រចាំ កាត់បន្ថយការជួប ជុំប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល គ្រប់ពេល វេលា។ សូមបងប្អូន​យកចិត្តទុកដាក់ខ្ពស់លើអនាម័យសុខភាពរស់នៅឱ្យបានល្អជាប្រចាំ​។

ជាមួយនោះដែរ​ ឯកឧត្តមតំណាងរាស្ត្រខេត្តបន្ទាយមានជ័យរូបនេះ ក៏បានជំរុញ​លើក​ទឹកចិត្ត​ប្រជាកសិករឱ្យ​​យកចិត្ត​ទុកដាក់​លើ​ការបង្កបង្កើន​ផល​ស្រូវ និង​ដំណាំ​រួមផ្សំ​ព្រមទាំង​ពង្រឹង​ការងារ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម ដើម្បី​ចូលរួម​ធានា​នូវ​តុល្យភាព​ស្បៀងអាហារ​ក្នុង​គ្រា​​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ៕ ដោយ៖ឈុនសារ៉ាត