ក្រសួងសាធារណការ ប្រគល់សម្ភារបម្រើឱ្យការផ្តល់សេវាចុះបញ្ជីទោចក្រយានយន្ត តាម​ប្រព័ន្ធស្វ័យប្រវត្តិកម្មជូនដល់ខណ្ឌចំនួនពីរ ក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០–

លោក សូ ពិសី អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជនផ្លូវគោក និងជាប្រធាន អនុក្រុមការងារអន្តរក្រសួងផ្នែកដឹកជញ្ជូនផ្លូវគោក លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាន នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំក្រុមការ ងារជំនាញចុះទៅបំពាក់សម្ភារបម្រើឱ្យការផ្តល់សេវាចុះបញ្ជីទោចក្រយានយន្ត ត្រីចក្រ យានយន្ត និងម៉ូតូកង់បួន តាមប្រព័ន្ធស្វ័យប្រវត្តិកម្មដល់ការិយាល័យច្រកចេញ-ចូលតែ មួយនៅខណ្ឌបឹងកេងកង និងខណ្ឌកំបូល ក្នុងរាជធានីភ្នំពេញ។ ការចុះទៅបំពាក់​សម្ភារ​នេះ បានធ្វើឡើងកាលពីថ្ងៃពុធ ៥ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២០។ នេះបើយោងតាមនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃ​ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងឱកាសនោះ លោកស្រី ម៉ែន ច័ន្ទសុកុល បានពន្យល់ណែនាំបន្ថែមនូវ​របៀប​ប្រើប្រាស់ និងការថែទាំសម្ភារទាំងនោះដល់ការិយាល័យច្រកចេញ-ចូលតែមួយនៅខណ្ឌ​បឹងកេងកង និងខណ្ឌកំបូល ដោយប្រើប្រាស់ និងថែរក្សាសម្ភារទាំងនេះ ឱ្យបានល្អ​ ដើម្បី​ធានាការ​ផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែបានរលូន លឿន និងឆាប់រហ័ស។

សូមជម្រាបជូនថា បច្ចុប្បន្នការចុះបញ្ជីទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូ​កង់បួន ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើប្រតិភូកម្មទៅឱ្យការិយាល័យ​ច្រក ចេញ-ចូលតែមួយទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងការិយាល័យច្រកចេញ-ចូលតែ មួយស្រុក ក្រុងចំនួន៤០ទៀត នៅទូទាំងប្រទេស។

លោកស្រី ម៉ែន ច័ន្ទសុកុល ក៏បានអំពាវនាវដល់បងប្អូនប្រជា​​ពល​រដ្ឋ អាចទៅស្នើ​សុំសេវាចុះបញ្ជីនៅតាមការិយាល័យច្រកចេញ-ចូលតែមួយស្រុក ក្រុង ខណ្ឌទាំងនេះបាន​នៅ​ទូទាំងប្រទេស និងកំពុងបន្តការធ្វើប្រតិភូកម្មសេវាទាំងនេះទៅការិយាល័យច្រកចេញ-ចូលតែមួយដែលបានបង្កើតថ្មីបន្ថែមទៀត ស្របតាមគោលនយោបាយកំណែ​ទម្រង់វិមជ្ឈ​ការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល៕ដោយ៖ រិទ្ធី