គ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង ទទួលអំណោយពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០–

កាលពីថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ កែ ច័ន្ទមុនី តំណាងរា ស្ត្រមណ្ឌលកំពង់ឆ្នាំង បាននាំយកអំណោយ និងសួរសុខទុក្ខជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រខ្វះខាតស្បៀង តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ស្ថិតនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំនួន១០គ្រួសារ ។

លោកជំទាវ កែ ច័ន្ទមុនី បានលើកឡើងថា គ្រឿងឧបភោគបរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ។ ពិសេសមនុស្សចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ​មេរោគអេដស៍ជាដើម ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ទោះបី  ជាអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិត ក្នុងកាលៈទេសៈប្រទេសជាតិកំពុងទទួលរងគ្រោះដោយជំងឺរាលត្បាតកូវីដ-១៩ នោះផង។

លោកជំទាវបានឱ្យដឹងទៀតថា បើទោះជាតួលេខដែលបង្ហាញដោយក្រសួងសុខាភិបាល បានបញ្ជាក់ពីការថយចុះ និងការព្យាបាលជា បានជាច្រើនករណីយ៉ាងណាក្តី តែជំងឺនេះមិនទាន់ផុតរលត់ពីផែនដីនៅឡើយទេ ។ រីឯវ៉ាក់សាំងការពារក៏ពុំទាន់មានការបញ្ជាក់យ៉ាងណានោះដែរ ។ ដូចនេះយើងត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ក្រុមគ្រួសារ និងរួមគ្នាបង្ការ ទប់ស្កាត់ជំងឺនេះ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល  និងវិធានការ សារាចរណែនាំជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវតំណាងរាស្ត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាព ការពារខ្លួនការពារជីវិតពីជំងឺកូវីដ ១៩ ត្រូវរក្សាអនាម័យដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពីវិធានការការពារជីវិតពីជំងឺដ៏កាចសាហាវមួយនេះ។

ក្នុងឱកាស់នោះដែរលោកជំទាវ កែ ច័ន្ទមុនី  និងក្រុមការងារអមដំណើរ បានផ្ដល់អំណោយជូនជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រខ្វះខាតស្បៀង ចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, សាប៊ូ២ដុំ, និងក្រមា១៕ ដោយ៖បៃ ស៊ីថុន