ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុនហ៊ួវ៉េកម្ពុជា ចូលជួបសម្តែងការគួរសម និង​ពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០២០–

កាលពីថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ​លោក យ៉ៅ យូយ៉ា (Yao Yuya) នាយកប្រតិបត្តិក្រុមហ៊ុនហ៊ួវ៉េកម្ពុជា (Huawei Cambodia) ចូលជួប​សម្តែងការគួរសម និង​ពិភាក្សាការងារ​។

នៅក្នុងជំនួបនោះ ​ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវឌ្ឍនភាពទាក់ទងនឹងវិស័យបច្ចេកវិទ្យាមួយចំនួន ដែលក្រសួងពាណិជ្ជកម្មបាន និងកំពុងតែអនុវត្តន៍រួមមាន ការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តន៍ច្បាប់ស្ដីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ការរៀបចំបញ្ចប់យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងត្រៀមរៀបចំគម្រោងថ្មីមួយដែលផ្ដោតលើការជំរុញ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាលក្ខណៈអាជីវកម្ម និងអាជីវកម្ម សម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន និងសម្រាប់ទីផ្សារក្នុងស្រុក ដោយយោងលើច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុនហ៊ួវ៉េ ជួយអំពាវនាវ និងជ្រោមជ្រែងឱ្យមានការវិនិយោគ ពីក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រៅប្រទេស ដើម្បីបង្ហាញពីសក្ដានុពលនៃទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅកម្ពុជា។

ដោយឡែក លោកនាយកប្រតិបត្តិក្រុមហ៊ុនហ៊ួវ៉េកម្ពុជា បានគូសបញ្ជាក់អំពីប្រវត្តិនៃប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជា ក៏ដូចជាជម្រាបជូនពីផលិតផល និងសេវានានាដែលផ្ដល់ជូនដោយក្រុមហ៊ុនហ៊ួវ៉េ រួមមានហេដ្ឋារចនាសម្ព័ន្ធថាមពល បណ្ដាញប្រព័ន្ធ     បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងកម្មវិធី និងសេវាឌីជីថលផ្សេងៗ ព្រមទាំងបាន​គូសបញ្ជាក់បន្ថែមទៀតអំពីការងារមួយចំនួន ដែលក្រុមហ៊ុនហ៊ួវ៉េ កំពុងតែអនុវត្តន៍ជាមួយរដ្ឋាភិបាលផងដែរ៕ ដោយ៖ ទេស ច័ន្ទសុធារី