រដ្ឋមន្រ្តីអាស៊ានបើកកិច្ចប្រជុំពិសេស ស្តីពីសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ ការកាត់បន្ថយ​ផលប៉ះពាល់ដោយកូវីដ-១៩ លើក្រុមជនងាយរងគ្រោះក្នុងអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០–

បន្ទាប់ពីបានបើកកិច្ចប្រជុំពិសេសតាមប្រព័ន្ធអនឡាញស្ដីពីការកាត់បន្ថយផលប៉ះពាល់ ដោយជំងឺកូវីដ១៩ លើក្រុមជន​ងាយរងគ្រោះនៅអាស៊ាន នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០​នេះ រដ្ឋមន្រ្តីអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីសុខុមាលភាពសង្គមនិងអភិវឌ្ឍន៍ ការកាត់បន្ថយផលប៉ះពាល់ដោយកូវីដ១៩ លើក្រុមជនងាយរងគ្រោះក្នុងអាស៊ាន

កិច្ចប្រជុំនេះ តំណាងប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមនឹងរដ្ឋមន្រ្ដីអាស៊ានទទួលបន្ទុក​សុខុ​មាលភាពសង្គម និងអភិវឌ្ឍន៍ផ្សេងទៀត រួមមាន៖ ប្រទេសឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេស​វៀតណាម។

ក្នុងសេចក្តីថ្លែងការណ៍រួមបានបង្ហាញនូវក្ដីបារម្ភដ៏ជ្រាលជ្រៅចំពោះការរាតត្បាត ដែលបណ្ដាលមកពីកូវីដ១៩ និងផលប៉ះពាល់ផ្សេងៗដល់ប្រជាជនក្រីក្រ ជនងាយ រង គ្រោះក្នុងអាស៊ាន។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកូវីដ១៩ ជួយសម្រួលឱ្យជាសះស្បើយ និងពង្រឹងភាពធន់របស់ប្រជាជនក្រីក្រ ជន ងាយរងគ្រោះ និងរងគ្រោះក្នុងអាស៊ាន ស្របតាមច្បាប់ជាតិ ដែលបានចែងគោលនយោ បាយ និងបទបញ្ជារបស់ប្រទេសជាសមាជិកអាស៊ាន។

ជាមួយគ្នានេះ រដ្ឋមន្រ្តីអាស៊ានទាំង១០ប្រទេស បានរួមគ្នាប្តេជ្ញាចិត្ត ដោយដាក់​ចេញ​នូវ​​វិធានការនានារួមមាន៖ . ធានាទទួលបានការគាំពាសង្គមឱ្យបានទាន់ពេលវេលា ជាមួយនឹងការបែងចែកថវិកាសាធារណៈឲ្យបានសមស្របសម្រាប់ចំណាយក្នុងសង្គម។ ផ្ដល់លទ្ធភាពទទួលបានរាល់ទំនិញ និងសេវាកម្មចាំបាច់ទាំងអស់ ដើម្បីការពារសុខុមាលភាព និងជីវភាពរស់នៅរបស់កុមារក្រីក្រ មនុស្សចាស់ ជនមានពិការភាព ស្រ្ដី និងកុមារ និងកម្មករចំណាកស្រុក និងក្រុមងាយរងគ្រោះក្នុងពេលមានវិបត្ដិ។ . ការពារសិទ្ធិសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរដោយលើកកម្ពស់ការពារសិទ្ធិជាសាធារណៈប្រឆាំងរាល់ទម្រង់នៃរើសអើង អំពើហិង្សា ការមិនបានយកចិត្ដទុកដាក់ និងការកេងប្រវ័ញ្ច ដែលត្រូវបានរាប់បញ្ចូលក្នុងការឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីដ១៩។ ស្វែងរក និងឆ្លើយតបចំពោះកិច្ចការពារកុមារ និងហានិភ័យនៃអំពើហិង្សា ប្រឆាំងនឹងយេនឌ័រ ភាពងាយរងគ្រោះជាច្រើនដែលបានជួបប្រទះដោយជនមានពិការភាព និងមនុស្សចាស់នៅផ្ទះ និងកន្លែងថែទាំកម្មករចំណាកស្រុក។ . ធានាសុខភាព និងសុវត្ថិភាពរបស់បុគ្គលិកសង្គម ដោយនៅជួរមុខនៃ​​ការឆ្លើយតបការរាតត្បាតគ្រប់កម្រិតទាំងអស់ និងបែងចែកការចំណាយជាសាធារណៈឱ្យបានគ្រប់គ្រាន់ ដែលធានានូវនិរន្ដរភាពសុខុមាលភាពសង្គម បណ្ដាញសុវត្ថិភាពសង្គម និងការផ្ដល់កិច្ចគាំពារសង្គម។ . ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរទីភ្នាក់ងារ នៅថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ នៅកម្រិតអាស៊ាន . ខិតខំអភិវឌ្ឍន៍កម្មវិធីដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងការជាសះស្បើយឡើងវិញ ក្រោយការរាតត្បាតដែលមានការរួមបញ្ចូលគ្នាតាមរយៈការផ្លាស់ប្ដូរ និងការចែករំលែកការអនុវត្ដល្អៗ ការអភិវឌ្ឍគោលការណ៍ណែនាំ និងផ្អែកលើទិន្នន័យជាគោល និងការកសាងចំណេះដឹងដែលទទួលស្គាល់ភាពងាយរងគ្រោះឱ្យបានជាក់លាក់របស់ជនក្រីក្រ កុមារ មនុស្សចាស់ ជនមានពិការភាព ស្រ្ដីនិងកុមារ កម្មករចំណាកស្រុកព្រមទាំងក្រុមជនងាយរងគ្រោះផ្សេងទៀត។. ប្តេជ្ញាចិត្តបង្កើតផែនការ និងវិធនាការបន្តទៀត ដែលរួមបញ្ចូលពិការភាព ការឆ្លើយតបជាមួយយេនឌ័រ អាយុដែលងាយប៉ះពាល់ និងលើកកម្ពស់សាមគ្គីភាពក្នុងសង្គម ការចូលរួមរបស់កុមារ . ព្យាយាមដាក់បញ្ចូលបច្ចេកវិទ្យា និងទទួលស្គាល់ពីតម្រូវការដើម្បីដោះស្រាយ ការចែករំលែកបច្ចេកវិទ្យា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន

ក្នុងកិច្ចប្រជុំពិសេសស្ដីពីការកាត់បន្ថយផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះដែរ ឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ជំងឺកូវីដ-១៩ បានវិវត្តន៍មកដល់លឿន ហើយបាននិងកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ ដែលយើងចាំបាច់ត្រូវមានការឆ្លើយតប ឱ្យបានទាន់ពេលវេលា។ ឯកឧត្ដមបន្ដ​ថា រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកំណត់ អត្តសញ្ញណកម្មគ្រួសារក្រីក្រីតាមការស្នើសុំសម្រាប់ឧបត្ថម្ភសាច់ប្រាក់ ទាំងនៅតំបន់ជនបទ និងទីប្រជុំជន តាមរយៈវិធានការជំនួយសង្គម ដោយមានការប្តេជ្ញាបន្តអនុវត្តន៍​រាល់កម្មវិធីគាំពារសង្គមទាំងឡាយ ដែលមានស្រាប់ មិនឱ្យខកខាន និងទាន់ពេលវេលា ដោយប្រើប្រាស់ យន្តការអង្កេតរហ័សស្តីពីផលប៉ះពាល់នៃជំងឺកូវីដែ-១៩ លើអ្នកទទួលផលនៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងក្រុមគ្រួសារ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំដាក់ឱ្យអនុវត្តន៍នៅក្នុងខែមិថុនា ឆ្នាំ២០២០នេះ សម្រប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ ដែលមានប័ណ្ណសមធម៌ទូទាំងប្រទេស ដោយផ្តោតការចិត្តទុកដាក់បន្ថែមចំពោះកុមារអាយុក្រោម ៥ឆ្នាំ ជនពិការមនុស្សចាស់ អាយុ ចាប់ពី៦០ឆ្នាំឡើង និងគ្រួសារផ្ទុកេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រទាំងនោះទៀតផង៕ ដោយ៖រិទ្ធី