CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់គម្រោង​ក្រុមហ៊ុន និងរោងចក្រចំនួន៤ ទីតាំងបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ គម្រោង​ក្រុមហ៊ុន និងរោងចក្រចំនួន៤ទីតាំងបន្ថែមទៀត ក្នុងខែមិថុនានេះ ជាមួយទុន វិនិយោគជាង៦២លានដុល្លារ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ដូចជា៖ ១-“HUA TE BANG (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផល ពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។ ២- “PRINTX GP (CAMBODIA) FACTORY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមាន ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ១.៤១៤កន្លែង។ ៣-“DIZE (CAMBODIA) NONG YE FAZHAN CO., LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៧,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩០០កន្លែង និង ៤-“SUN & MOON HOTEL CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២០០បន្ទប់ ដែលមានទីតាំង វិនិយោគស្ថិតនៅដីឡូត៍លេខ២៨៥ មហាវិថីព្រះនរោត្តម ជាប់ស្ពានព្រះមុនីវង្ស កែងផ្លូវលេខ២៣៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣៥កន្លែង៕

ដោយ ម៉ៅ ចរិយា