ឯកឧត្តម ហឿ ស៊ីយ៉ែម ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាក្រចេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញា លើកទី១៣ អាណតិ្តទី៣ ឆ្នាំទី១ របស់ក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។     កិច្ចប្រជុំសាមញ្ញក្រុម ប្រឹក្សាខេត្តលើកទី១៣នេះ ក៏មានការអញ្ជើញចូលរួមពីលោក ទុយ ប៊ុនសេរីរត្ន័មន្នី អភិបាលរង នៃអគណៈអភិបាលខេត្តផងដែរ ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនាពេលនោះ ឯកឧត្ដម ហឿ ស៊ីយ៉ែម  ប្រធានក្រុម ប្រឹក្សាខេត្តក្រចេះ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង ទាំងការងារជំនាញ និងការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងរដ្ឋបាលខេត្ត និង តាមមន្ទីរអង្គភាពជុំវិញខេត្តប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍ ជាពិសេស ទទួលបានទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែម ទៀតលើការងារកសិកម្ម  ដោយពង្រឹងសមត្ថភាពមន្រ្តីមូលដ្ឋាន ការចុះជាប់ជាប្រចាំ ជាមួយ ប្រជាកសិករ ធ្វើការផ្សព្វផ្សាយពីបច្ចេកទេសដាំដុះ ការជ្រើសរើសពូជដែលផ្តល់ ប្រយោជន៍ដល់ប្រជាកសិករ ព្រមទាំងពន្យល់ និងណែនាំបងប្អូនប្រជាកសិករអំពីកម្ចី ឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីបង្កើនសមត្ថភាពទុនរបស់ពួកគាត់។

ឯកឧត្ដម ហឿ ស៊ីយ៉ែម ក៏បានមានប្រសាសន៍ជំរុញឱ្យមានការយកចិត្តទុកដាក់ បន្ថែមទៀត លើការងារទាក់ទាញភ្ញៀវទេសចរ ពិសេសភ្ញៀវក្នុងស្រុក ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក និងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ៕

ដោយ ជួន សុជាតិ