ធនាគារ ជីប ម៉ុង សាខាខេត្តកំពង់ចាម បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

AKP កំពង់ចាម ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០

ធនាគារ  ជីប ម៉ុង  សាខាខេត្តកំពង់ចាម បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ  នៅ ថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ  ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវកិតិ្តបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឧកញ៉ា ភាព ហៀក ស្ថាបនិកនៃក្រុមហ៊ុនជីប ម៉ុង គ្រុប។

លោកឧកញ៉ា  លាង ឃុន   ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងជាភាគ ទុនិកនៃធនាគារ ជីប ម៉ុង  មានប្រសាសន៍ថា វត្តមាន ធនាគារ  ជីប ម៉ុង ក្នុងខេត្តកំពង់ចាម ពិតជាបានជួយជំរុញនូវកំណើនសេដ្ឋកិច្ចរបស់ខេត្តឱ្យមានការរីចម្រើនបន្ថែមទៀត ដោយ ជួយគាំពារផ្នែកហិរញ្ញវត្ថុដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗ    សហគ្រាស   និងសិប្បកម្ម ពាណិជ្ជករ   កសិករ និងប្រជាពលរដ្ឋទូទៅ  ដើម្បីពង្រីកមុខរបររបស់ពួកគេ   ជាពិសេសទទួលបានភាព ងាយស្រួលក្នុងការធ្វើចរន្តសាច់ប្រាក់ផ្សេងៗ។ ខេត្តកំពង់ចាម ជាសាខាទី២ ដែលបាន សម្ពោធដាក់ឱ្យដំណើរការ នៃធនាគា ជីប ម៉ុង គ្រុប ក្នុងចំណោម ៨សាខា នៅទូទាំងប្រទេស   ដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តនេះ ឱ្យកាន់តែរីកចម្រើនតាមរយៈការផ្តល់ឥណទាន ពាណិជ្ជកម្ម ឥណទានផ្ទាល់ខ្លួន និងប្រាក់បញ្ញើមានអត្រាការប្រាក់ខ្ពស់។

ឯកឧត្តម អ៊ុន​ ចាន់ដា​  អភិបាលខេត្តកំពង់ចាម​ ក៏បានសម្តែងការស្វាគមន៍ ចំពោះវត្ត មានរបស់ធនាគារ  ជីប ម៉ុង នឹងជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែរីកចម្រើន ជាមិនខាន និងស្នើដល់ធនាគារជីបម៉ុង ជួយអភិវឌ្ឍន៍ឥណទានពាណិជ្ជកម្ម ឥណទានផ្ទាល់ខ្លួន បញ្ញើមានអត្រាការប្រាក់ខ្ពស់ ដើម្បីជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្តកំពង់ចាម មានការរីក ចម្រើនដែលជាអតិថិជនរបស់ខ្លួន ដើម្បីឱ្យពលរដ្ឋអ្នកខ្ចី និងធនាគារទទួលបានជោគជ័យ ដូចគ្នា ក្នុងវិស័យការខ្ចីប្រាក់នេះ។

ក្នុងឱកាសនោះ លោកជំទាវ​កិត្តិបណ្ឌិត អ៊ុក​ ម៉ាលី ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា ការដាក់ដំណើរការនូវធនាគារជីបម៉ុង នៅខេត្តកំពង់ចាម នេះ បានបង្ហាញពីការរីកចម្រើននៃវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោកជំទាវបន្តថា ដោយប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ដូចនេះ ជំរុញដល់ធនាគារជីបម៉ុង ត្រូវអនុវត្តន៍តាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការ សម្របសម្រួលដល់អតិថិជនរបស់ខ្លួន ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ១៩ នេះ ហើយយើងត្រូវតែអរគុណសន្តិភាព ទើបយើងមានធនាគារ ជីបម៉ុងនៅខេត្តកំពង់ចាម៕

ដោយ ឆាយ ម៉ុត