ប្រជាពលរដ្ឋ មានសំណង់នៅបរិវេណប្រាសាទអង្គរវត្ត បន្តស្ម័គ្រចិត្តរុះរើ ដើម្បីទុកទីលាននោះឱ្យអាជ្ញាធរជាតិអប្សរាធ្វើការអភិវឌ្ឍ

AKP សៀមរាប ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួនពីរនាក់ទៀតហើយ បានបន្តស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួននៅបរិវេណមុខប្រាសាទអង្គរ ដើម្បីទុកទីលាននោះ ឱ្យអាជ្ញាធរជាតិអប្សរាធ្វើការអភិវឌ្ឍ ទាំង ហេដ្ឋារចនាសម្ព័ន្ធ ការដាំដើមឈើប្រណិត ដើមផ្កា និងស្មៅ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះមានអគារធំៗ ភោជនីយដ្ឋាន និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ចំនួន៩ហើយ បានស្មគ្រ័ចិត្តរុះរើដោយខ្លួនឯងចេញពីមុខបរិវេណអង្គរវត្ត ហើយនៅសល់អគារធំៗចំនួន១៣ និងតូបតូចៗជាង១០០តូបទៀត នឹងត្រូវរុះរើឱ្យអស់យ៉ាងយូរនៅដើមខែកញ្ញាខាងមុខនេះ។ បន្ទាប់មកក្រុមអាជីវករនឹងចូលទៅលក់ដូរនៅកន្លែងថ្មី ដែលរៀបចំដោយអាជ្ញាធរអប្សរា ដោយឥតបង់ថ្លៃ។

ឯកឧត្តម អះអាងថា អាជ្ញាធរជាតិអប្សរានឹងប្រែក្លាយទីនេះ ឱ្យមានរបៀបរៀបរយ     សណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត ដោយមានគម្រោងរៀបចំជាទីលានបដិសណ្ឋារកិច្ច ជួសជុល ផ្លូវមុខអង្គរវត្ត ដាំឈើ ផ្កា និងវាលស្មៅឱ្យមានភាពបៃតង ហើយគម្រោងនេះគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២០នេះ។

លោក ង៉ាត់ ផល្លីន ជាម្ចាស់សំណង់ដែលបានស្ម័គ្រចិត្តរុះរើ​ បានថ្លែងថា ​លោកពេញចិត្តនឹងការរុះរើចេញនូវសំណង់នេះ ដើម្បីចូលរួមថែរក្សាសោភណ្ឌភាព សណ្តាប់ ធ្នាប់នៅមុខប្រាសាទដែលជាបេតិកភណ្ឌពិភពលោកនេះ ជាពិសេសនោះការ រុះរើសំណង់ នេះក៏មិនបានធ្វើឱ្យលោកបាត់បង់មុខរបរដែរ គឺអាជ្ញាធរជាតិអប្សរាបានផ្តល់ កន្លែងលក់ថ្មី ដែលស្អាត និងមានសណ្តាប់ធ្នាប់ល្អ៕ ដោយ៖ឃុត សៅ