ស្រូវមិត្តភាព សង្គ្រោះសត្វព្រៃចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិ ស្ថាន បានឱ្យដឹងថា បន្ទាប់ពីការអនុវត្តនូវគម្រោង ដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ របស់ អង្គការ WCS ស្ថិតនៅដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បច្ចុប្បន្នទទួលបានផ្លែផ្កាកាន់តែល្អប្រសើរ ទាំងការផលិតទិន្នផលស្រូវ ក៏ដូចជាការលក់លើទីផ្សារ។

ប្រភពពីក្រសួងបរិស្ថានបន្តថា ការបង្ហាញឱ្យដឹងពីលទ្ធផលជាវិជ្ជមាន កាន់តែប្រសើរឡើងរបស់ប្រជាកសិករកំពុងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះ ធ្វើឡើងក្នុងទស្សនកិច្ចរបស់ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មាន នៅដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កាលពីថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងផងថា គម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះ ក៏បានចូលរួមអភិរក្សពពួកសត្វត្រយ៉ងយក្ស ដែល កំពុងជិតផុតពូជ និងកំពុងទទួលរងការគំរាមកំហែង ។ ក្រៅពីនេះវាក៏ជាគំរូមួយរួមចំណែក ជាមួយក្រសួងបរិស្ថាន ក្នុងការការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះនៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកថា ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយនិងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍ តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុង និងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។ ក្រៅពីនេះក្រសួងបរិ ស្ថាន សូមវាយតម្លៃខ្ពស់គម្រោងស្រូវសត្វត្រយ៉ង ដែលនេះគឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រការអភិរក្ស និងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យ សហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត។ ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន។ ដោយបង្កើតមុខរបរថ្មីបម្រើឱ្យ   វិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិរក្សដែលមានបច្ចុប្បន្ននេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ពលរដ្ឋ នៅក្នុងការដើរកម្សាន្ត។ បច្ចុប្បន្ននេះភ្ញៀវទេសចរក្នុងស្រុកមានកំណើនឡើងគួរឱ្យកត់សម្គាល់ ដោយ សារតែប្រជាពលរដ្ឋមានជីវភាពធូរធារ ដោយសារតែកំណើនសេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការដៃគូ និងម្ចាស់ជំនួយ ជាពិសេសទីភ្នាក់ងារ USAID ដែលបានចូលរួមចំណែកជាមួយរាជ   ​​ រដ្ឋាភិបាលកម្ពុជា នៅក្នុងការងារអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជាឱ្យនៅគង់ វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។

លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS បានឱ្យដឹងថា គម្រោងកម្មវិធីស្រូវត្រយ៉ងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សដោយបានចាប់ផ្តើមពី២ភូមិ រហូតដល់សព្វថ្ងៃកំពុងតែអនុវត្តន៍ក្នុងភូមិ ១១ នៅក្នុងតំបន់ការពារទេសភាពខាងជើងប្រទេសកម្ពុជា (ដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ឆែប និងព្រៃព្រះកោរ) ដោយក្នុងនេះ៥ភូមិជាប់ជាមួយព្រំប្រទល់តំបន់ការពារសៀមប៉ាងភាគខាងលិច ៣ភូមិនៅក្នុងតំបន់ការពារកែវសីមា និង៣ភូមិនៅក្នុងតំបន់ការពារព្រៃឡង់ស្ថិតនៅក្នុងភូមិនសាស្រ្តខេត្តស្ទឹងត្រែង។ ដោយឡែកនៅក្នុងភូមិ សាស្រ្តខេត្តព្រះវិហារ ចំនួនកសិករដែលបានចូលរួមជាមួយគម្រោងមានការកើនឡើងពី៣៥គ្រួសារ រហូតដល់ ៧៥០គ្រួសារ ហើយបើតាមការរំពឹងទុកនៅក្នុងឆ្នាំ២០២០។

គួរបញ្ជាក់ថាគម្រោង ដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេព កំពុងត្រូវបានអនុវត្តន៍រួមគ្នា ដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួងបរិ ស្ថាន។ ការបង្កើតគម្រោងនេះដែរគោលបំណងសំខាន់ ដើម្បីបង្កើនជីវភាពរបស់ប្រជា សហគមន៍ និងទប់ស្កាត់ការទន្ទ្រានដីព្រៃ មិនឱ្យប្រជាសហគមន៍រុករានចូលក្នុងដែនជម្រកសត្វព្រៃ ៕ ដោយ៖ ពេជ្រ ណារិទ្ធ