ឯកឧត្តម ស៊ុន ចាន់ថុល ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ កាលពីរសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។

ពិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងអ្នកមុខអ្នកការក្នុងខេត្តក្រចេះជាច្រើនទៀត ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការបុគ្គលិក កម្មករនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់របស់វិស័យសាធារណៈការនិងដឹកជញ្ជូនខេត្តក្រចេះ ក្នុងការចូលរួមកសាងជាតិមាតុភូមិប្រកបដោយចីរភាព ។ រៀបចំផែនការមេ និងគោលនយោបាយកាត់បន្ថយតម្លៃដឹកជញ្ជូន ប្រកបដោយភាពប្រកួតប្រជែង និងក្លាយជាខេត្តគោលដៅទេសចរណ៍ប្រកបដោយសក្តានុពល ដែលបានធ្វើឱ្យខេត្តក្រចេះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។

ឯកឧត្ដមបញ្ជាក់ទៀតថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេស បង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញភ្ញៀវទេសចរ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងមានគម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានភាពប្រសើរឡើង ជាពិសេសការលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការដឹកជញ្ជូនទំនិញ និងផលិតផលរបស់បងប្អូនប្រជាកសិករ ទៅកាន់ទីផ្សារបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។

ទាក់ទងនិងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឯកឧត្ដម ស៊ុន ចាន់ថុល បានធ្វើការណែនាំឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ នៅក្នុងក្របខ័ណ្ឌនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះទាំងអស់ ត្រូវពង្រឹងការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ កុំចាំបាច់ពឹងលើបច្ចេកទេសរបស់គេ ហើយខិតខំបម្រើ និងផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ តបតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល យើងត្រូវធ្វើការឆ្លើយតប និងបម្រើដល់ប្រជារាស្រ្តឱ្យបាលល្អប្រកបដោយគុណភាព ៕ ដោយ៖ជួន សុជាតិ