អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំ ស្ដាប់របាយការណ៍ របស់ក្រុមហ៊ុនអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងក្រុងបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ការបំពាក់អំពូលភ្លើងសាធារណៈក្នុងក្រុងបាត់ដំបង របស់ក្រុមហ៊ុន ជេនេរ៉ល អេឡិកទ្រីក អេនផាប់ប្លីកឡៃធីង នៅសាលប្រជុំB1 អគារB សាលាខេត្តបាត់ដំបង ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងអំពូលភ្លើងបំភ្លឺសាធារណៈ ដែលស្របតាមបទដ្ឋានបច្ចេកទេសបានចំនួន ១.២៤៧អំពូល ក្នុងនោះក្រុមហ៊ុនបានសម្រេចបំពាក់ និងផ្លាស់ប្តូរអំពូលថ្មីប្រភេទ LED ជំនួសអំពូលចាស់ប្រភេទ HPS ចំនួន ១.០៦៧អំពូល និងបានបំពាក់បន្ថែមចង្កៀងគោមបំភ្លឺផ្លូវសាធារណៈ ប្រភេទLED សរុបចំនួន ១៥៨អំពូល និងអំពូលហ្វា High mast LED បំភ្លឺតាមសួនច្បារសរុប ២២អំពូល នៅក្នុងបរិវេណសួនច្បារសម្ដេចក្រឡាហោម ស ខេង តាមការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្តបាត់ដំបង ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនធ្វើការកែលម្អ ភ្លើងបំភ្លឺសាធារណៈ និងជាពិសេសត្រួតពិនិត្យជាប្រចាំ ចៀសវាងការដាច់ និងចរន្តឆ្លងផ្សេងៗ ដែលអាចប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីធានារក្សាសុខសុវត្ថិភាពជានិច្ច ដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យមានការធ្វេសប្រហែសឡើយ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)