ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ នៅសាលាស្រុកអូររាំងឪ ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនាឱកាសនោះផ្តោតលើចំណុចសំខាន់ៗចំនួនបួន៖ ១. វឌ្ឍនភាពការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ។ ២.វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ។ ៣. ការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងមូលដ្ឋានស្រុក ។ ៤. លើកទិសដៅអនុវត្តន៍បន្ត។

ប្រភពខាងលើបន្តថា កិច្ចប្រជុំនេះមានការចូលរួមផងដែរពីសំណាក់ ឯកឧត្ដម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការ

ងារ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្ដម លោកជំទាវ​ លោក  លោកស្រី ដែលជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ។

ឯកឧត្តមប្រធានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកន្លងរបស់រដ្ឋបាលស្រុកអូររាំងឪ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ដែលបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់កុំឱ្យកើតមានការឆ្លងជំងឺកូវីដ-១៩ ដែលជាក់ស្តែង ថ្វីត្បិតក្នុងស្រុកអូររាំងឪមានការត្រឡប់មកវិញនូវពលករចំណាកស្រុកពីក្រៅប្រទេស តែមិនមានការចម្លងជំងឺកូវីដ-១៩ទេ ហើយក៏សូមថ្លែងអំណរគុណផងដែរដល់សមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪទាំងអស់ដែលបានចូលរួមជាមួយរដ្ឋបាលស្រុកអូររាំងឪ ដែលបានចំណាយទាំងសម្ភារ ថវិកា និងកម្លាំងផ្ទាល់ខ្លួន ដែលនេះសបញ្ជាក់ពីវប្បធម៌ចែករំលែក និងសាមគ្គីភាព។

ជាអនុសាសន៍សម្រាប់អនុវត្តន៍បន្តក្នុងពេលខាងមុខ ឯកឧត្តម អ៊ាង សុផល្លែត បានស្នើដល់រដ្ឋបាលស្រុកអូររាំងឪ និងភាគីពាក់ព័ន្ធ គឺ១.បន្តអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ២.បន្តតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តជំងឺកូវីដ-១៩ និងពិនិត្យលទ្ធភាពជួយដោះស្រាយផលលំបាករបស់ពួកគាត់ ៕ ដោយ៖ពេជ្រ ណារិទ្ធ