អភិបាលខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុជាខេត្តដែលមានវិស័យឧស្សាហ​កម្ម ពាណិជ្ជ​កម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ជាតិ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា​ ខេត្តព្រះសីហនុ​គឺជាខេត្ត​ដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាព សម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់​រាជ​រដ្ឋាភិបាល។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់រដ្ឋ​បាលខេត្តព្រះសីហនុ” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដី ការគណៈរដ្ឋមន្ដ្រី​ នៅព្រឹកថ្ងៃទី០៩​ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម​ គួច​ ចំរើន បានគូស បញ្ជាក់ថា​ សក្តានុពលរបស់ខេត្តគឺ កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស មាន ចំនួន១០​ទីតាំង (៤កំពុងដំណើរការ និង៦ត្រៀមដំណើការ) អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមជា «តារារៈនាទិស​និរតី»។

ដោយឡែកចំពោះគម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្ត និងកំពុង​ដំណើរការមានចំនួន១៩៤គម្រោង និងមានទុនវិនិយោគសរុបចំនួន ៣០,០៩១,០៦១,៩២៤ ដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា​ ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរ ស្ថិតនៅប៉ែកនិរតី នៃប្រទេស​កម្ពុជា ដែលមានចម្ងាយ២៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ និងចម្ងាយ​២៦០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ និងមានផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញ ដោយ​ឆ្លងកាត់​តាមខេត្តកណ្តាល តាកែវ និងខេត្តកំពត៕ ដោយ៖ចាន់ សុធីវង្ស