កម្ពុជា-ទីម័រខាងកើត សន្យារួមគ្នាអភិវឌ្ឍន៍វិស័យការងារឱ្យកាន់តែប្រសើរ​ក្រោយចប់​ជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០–

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសន្យារួមគ្នាថា នឹងអភិវឌ្ឍន៍វិស័យការងាររវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរបន្ត​ទៀត ក្រោយចប់ជំងឺកូវីដ-១៩។ ការលើកឡើងរវាងភាគីទាំងពីរនេះ ក្នុងជំនួបពិភាក្សា​ការ​ងាររវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា ដែលទើប តែងតាំងថ្មី ឯកឧត្តម Ermenegildo Kupa Lopes នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

ក្នុងជំនួបពិភាក្សានេះដែរ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យ​ការ​ងារ ដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បាន​សហការជាមួយគ្នាយ៉ាងល្អកន្លងមក ហើយបាននិងកំពុងបន្តពង្រឹងពង្រីកបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ទីម័រ​ខាងកើត និងបានបញ្ជាក់ពីទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ ដែល​មាន​ធម្មជាតិដ៏ស្រស់ត្រកាល និងប្រវិត្តសាស្ត្រប្រហាក់ប្រហែលគ្នា។

ឯកឧត្តម Ermenegildo Kupa Lopes បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្រួបបង្រួមជាតិនាំមកនូវសន្តិភាព និង ការអភិវឌ្ឍនៅគ្រប់វិស័យ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាមកពីគ្រប់​និន្នាការនយោបាយ​អាចរួមរស់ ប្រកបដោយសុខដុមរមនាជាមួយគ្នា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរ​គុណ​ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់បេក្ខភាពរបស់ប្រទេសទីម័រខាង​កើត នៅក្នុងក្របខ័ណ្ឌអាស៊ាន។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថា នឹងខិតខំបំពេញ​បេសកកម្មការទូតឱ្យទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេស​ទំាងពីរឱ្យ​កាន់តែរឹងមាំឡើង។ ឯកឧត្តមបានចាត់ទុកកម្ពុជាថា ជាគេហដ្ឋានទី២ របស់ខ្លួន និងមានភាពកក់ក្តៅយ៉ាងខ្លំាង ទោះបីពេលនេះ ពិភពលោកមានបញ្ហាកូវីដ-១៩ តែកម្ពុជា​បានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមកដែលប្រទេស​ទាំងពីរ​បានចុះកិច្ចព្រមព្រៀងជាមួយគ្នាស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ” កាល​ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ រួមមាន៖ ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធីការសិក្សា ជំនាញ​ឯកទេស ការស្រាវជ្រាវ ការសិក្សា និងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំងការសិក្សា​ប្រៀបធៀបលើវិស័យការងារ មុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ។ ទន្ទឹមនេះ ការចរចារជាសមូហភាព ការដាក់ឱ្យអនុវត្តន៍ និងការអនុវត្តច្បាប់ ការដោះ​ស្រាយ​វិវាទ​​ការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុវត្ថិភាព និង​សុខភាព​ការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្តូរព័ត៌មានទៅលើ​ការ​ពង្រឹងផលិតភាពការងារ។  ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ចរវាងមន្ត្រីទទួលបន្ទុក និងមន្ត្រីជំនាញ ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ និងការផ្លាស់​ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស៕ដោយ៖ ប៊ុនិរិទ្ធ