រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំប្រចាំខែរបស់ខ្លួន

AKP កណ្តាល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាលបានជំរុញឱ្យចិត្តទុកដាក់បង្រ្កាបបទល្មើសក្នុងមូលដ្ឋានអាជ្ញាធរ ក្រុង ស្រុក និង កងកម្លាំងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់លើការងារបង្ក្រាបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន ដែលមានសកម្មភាពស្ទើរតែគ្រប់ក្រុង ស្រុក និងមានកំណើនគួរឱ្យព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវធ្វើការចាប់អារម្មណ៍ ដល់កម្លាំងយុវជនដែលជាកម្លាំងសម្រាប់បន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែឧសភា របស់រដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់បន្ថែមដោយលើកវិធានការជាក់ស្តែងតាមមូល   ដ្ឋាន ក្នុងនោះកិច្ចសហការ រវាងអាជ្ញាធរ និងកងកម្លាំង ពិសេសកិច្ចសហការក្នុងការផ្តល់ព័ត៌មានពិត ច្បាស់លាស់ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។ ប្រការកាន់តែសំខាន់នោះ គឺត្រូវរកមេខ្យល់ឱ្យឃើញដើម្បីធ្វើការបង្រ្កាប និងធ្វើការអប់រំដល់យុវជន យុវនារី ដែលជឿលើការឃោសនារបស់មេខ្យល់ឱ្យដើរផ្លូវខុស នាំឱ្យបាត់បង់កិត្តិយស បាត់បង់សុភមង្គល និងអនាគតរបស់ខ្លួន។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាលខេត្ត បានក្រើនរម្លឹកដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងលើការងារប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជាប្រចាំ ដោយត្រូវបន្តការចុះជាប់ជាមួយប្រជាពលរដ្ឋ អប់រំ និងផ្សព្វផ្សាយវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងរបស់រាជរដ្ឋាភិបាល ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរដល់មន្ត្រីទាំងអស់ដែលកន្លងទៅបានចូលរួមជាមួយខេត្ត ក្នុងការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានល្អ នៅគ្រប់ស្រុក-ក្រុង ក្នុងខេត្ត។ តាមរយ:កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់សប្បុរសជន មេត្តាបន្តគាំទ្រជួយដល់រដ្ឋបាលខេត្តទាំង ថវិកា សម្ភារ ស្បៀង ដើម្បីរដ្ឋបាលខេត្តមានលទ្ធភាពក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ៕ ដោយ៖ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)