កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា

 

AKP ភ្នំពេញ ថ្ងៃទី០៩ ខែ​មិថុនា ឆ្នាំ​២០២០–

កាលពីថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព ចំណេញពេលវេលា ផ្ដល់ភាពជឿទុកចិត្តដល់អ្នកផ្ដល់ និងអ្នកប្រើប្រាស់សេវា ព្រមទាំងកាត់បន្ថយនីតិវិធីស្មុគស្មាញ ដែលធ្វើឱ្យយឺតយ៉ាវក្នុងការចូលចតនាវា។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីស្ដាប់បទបង្ហាញ អំពីវឌ្ឍនភាពការងាររបស់ភាគីពាក់ព័ន្ធដែលទទួលបន្ទុកក្នុងការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែដូចជា ប្រតិបត្តិការ និងនីតិវិធីការបំពេញទម្រង់បែបបទចូលចតនាវា ក៏ដូចជានីតិវិធីនៃការទូទាត់ថ្លៃសេវា តាមប្រព័ន្ធអនឡាញ ជាមួយធនាគារឯកទេសវីង និងដើម្បីប្រមូលធាតុចូលបន្ថែមទៀត សំដៅឱ្យការរៀបចំប្រព័ន្ធនេះកាន់តែមានសុក្រឹតភាព ព្រមទាំងពិភាក្សាអំពីទិសដៅបន្ទាប់ចំនួន៥ចំណុច រហូតដល់ប្រព័ន្ធត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។

នៅក្នុង​ឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្នុងយុគសម័យឧស្សាហកម្មជំនាន់៤.០នេះ បច្ចេកវិទ្យាព័ត៌មានវិទ្យាដើរតួយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មការផ្ដល់សេវាសាធារណៈ ការកសាងទីក្រុងឆ្លាតវៃ (Smart City) ការលើកកម្ពស់ និងប្ដូរទម្រង់ក្នុងការបំពេញការងារ ព្រមទាំងការលើកកម្ពស់វប្បធម៌ អរិយធម៌របស់ជាតិសាសន៍យើងផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ​ក៏បានមានប្រសាសន៍បន្ថែមទៀតថា ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ធ្វើការដាក់ពាក្យ និងទូទាត់ប្រាក់ចូលរួមក្នុងការឆ្លើយតបទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ផងដែរ។

ទន្ទឹមនឹងនេះឯកឧត្ដមរដ្ឋលេខាធិការ បានសម្ដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ ជាពិសេសក្រុមការងារ IT របស់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ដែលជានាយកដ្ឋាន ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋ    មន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលបានសហការរួមគ្នាអស់ពីកម្លាំងកាយចិត្ត និងប្រើពេលវេលាដើម្បីរៀបចំប្រព័ន្ធនេះឡើង និងស្នើឱ្យក្រុមការងារជំនាញពាក់ព័ន្ធទាំងអស់ បន្តវប្បធម៌សហការដ៏ស្អិតល្មួតនេះ ក្នុងការបំពេញចំណុចខ្វះខាត សំដៅឱ្យប្រព័ន្ធនេះមានសុក្រឹតភាព មានភាពជឿទុកចិត្ត ក្នុងការបម្រើសេវាសាធារណៈ និងបម្រើ ឱ្យឧត្ដមប្រយោជន៍របស់ជាតិមាតុភូមិ។

សូមជម្រាបជូនថា ប្រព័ន្ធស្វ័យប្រវត្តិកម្មចេញវិញ្ញាបនបត្រអនុញ្ញាតនាវាចូលកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា នេះគឺជាយន្តការផ្តល់សេវាបណ្តោះអាសន្នមួយ ដើម្បីសម្រួលនីតិវិធីខណៈដែលគម្រោង PORT EDI របស់ជប៉ុន កំពុងត្រូវបានបន្តនីតិវិធីរៀបចំរហូតដល់ដើមឆ្នាំ២០២៣ ទើបរួចរាល់សម្រាប់ដាក់ឱ្យដំណើរការប្រើប្រាស់៕ ដោយ៖ ទេស ច័ន្ទសុធារី