រដ្ឋបាលខេត្តកែប រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបច្ចេកទេសកសិកម្មថ្មី ដែលធុននឹងការប្រែប្រួលអាកាសធាតុ

AKP កែប ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០–

រដ្ឋបាលខេត្តកែប  រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មី ដែលធុននឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខេត្តកែប និងឯកឧត្តម  មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងមានការចូលរួមពីលោក លោកស្រីជាអភិបាលរងខេត្ត អភិបាលក្រុង ស្រុក កម្លាំង ប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាពក្នុងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ  បានសហការជាមួយកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធុននឹងការប្រែប្រួលអាកាសធាតុ(ASPIRE) និងទទួលបាន ថវិកាគាំទ្រពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍលើវិស័យកសិកម្ម(IFAD) ដោយបានអនុវត្តន៍ កម្មវិធីនេះនៅគ្រប់ខេត្តទូទាំងប្រទេស។

លោកបានបន្តថា ដើម្បីឱ្យការអនុវត្តន៍កម្មវិធី ASPIRE នេះប្រកបដោយប្រសិទ្ធភាព និងគុណភាពឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម  ក៏ដូចជាផែនការ របស់មន្ទីរ ស្របទៅនឹងតម្រូវការជាក់ស្តែងរបស់កសិករក្នុងខេត្តផងនោះ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកែប បានធ្វើសិក្ខាសាលាផ្សព្វផ្សាយ ក្នុងគោលបំណង គឺដើម្បីផ្សព្វ ផ្សាយកម្មវិធីការងារ ASPIRE នេះ ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកសិករ ហើយក៏ចង់ឱ្យមានការចូលរួម គាំទ្រពីគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូនានា ព្រមទាំងវិស័យ ឯកជន ដែលបាន និងកំពុងអនុវត្តន៍សកម្មភាពរបស់ខ្លួន ដែលទាក់ទងទៅនឹងការស្តារ និងលើកស្ទួយវិស័យកសិកម្មនៅក្នុងមូលដ្ឋានខេត្តកែបទាំងមូល ជាពិសេសដើម្បីការចូលរួម គាំទ្រយ៉ាងពេញទំហឹង និងកក់ក្តៅបំផុតរបស់អាជ្ញាធរខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់។

ក្នុងឱកាសនោះដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានគូសបញ្ជាក់ថា យោងតាមការចាំបាច់ សិក្ខាសាលានេះតម្រូវឱ្យរៀបចំឡើងសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ នៅថ្នាក់ក្រោមជាតិ ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងរបស់ថ្នាក់ដឹកនាំ ក្នុងទិសដៅជួយជំរុញគាំទ្រនិងតម្រង់ទិសការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធុននឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៅថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា វិស័យកសិកម្មនៅតែជាវិស័យនាំមុខមួយ ក្នុងចំណោមវិស័យដទៃទៀត ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ ព្រះរាជាណាចក្រកម្ពុជា ហើយក៏បានរួមចំណែកក្នុងកំណើនផលទុនជាតិ និងចំណូល ពីការនាំចេញផលិតផលកសិកម្ម ហើយវិស័យនេះក៏បានផ្តល់ការងារ និងប្រាក់ចំណូលដល់ ប្រជាពលរដ្ឋរស់នៅតាមជនបទ ដែលមានជីវភាពរស់នៅអាស្រ័យលើការងារកសិកម្ម។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយកម្ម វិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មធុនទៅនឹងការប្រែប្រួលអាកាសធាតុ  (ASPIRE) និងទទួលបានថវិកាគាំទ្រពីមូលនិធិអន្តរជាតិសម្រាប់ការអនុវត្តកម្មវិធីនៅគ្រប់ខេត្ត។ ខេត្តកែប ជាខេត្តមួយក្នុងចំណោម៣ខេត្តទៀត រួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តឧត្តរ មានជ័យ ដែលទើបទទួលបានការពង្រីកនៅឆ្នាំ២០២០ និងទទួលបានការគាំទ្រសម្រាប់ការ អនុវត្តកម្មវិធី ASPIRE នៅឆ្នាំ២០២០-២០២១ ផងដែរ៕ដោយ៖ប្រាក់ លាង