រង្វង់មូលភ្លើងស្តុបក្តាន់២ និងជីកដាក់លូ នៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ធរុស្ស៊ី បានអ៊ុតកៅស៊ូរួចរាល់ហើយនៅថ្ងៃនេះ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០–

គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរណ៍ និងប្តូរទីតាំងភ្លើងស្តុបនៅចំណុចតំបន់ ក្តាន់២ គិតមកដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ការកាត់ឆ្វៀលសួនក្តាន់២ ទៅជារង្វង់ មូលបានឈានដល់ការអ៊ុតកៅស៊ូនៅជុំវិញចំណុចរង្វង់មូលនេះហើយៗការជីកដាក់លូ ទំហំ ១ម៉ែត្រ នៅតាមបណ្តោយខាងជើងផ្លូវសហព័ន្ធរុស្ស៊ីបានបញ្ចប់ហើយនៅថ្ងៃនេះ  និងបាន អ៊ុតកៅស៊ូ និងអ៊ុតគំនូសសញ្ញាចរាចរណ៍រួចរាល់ផងដែរ។

មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងនៃការកែសម្រួលប្រព័ន្ធ ចរាចរណ៍នៅចំណុចតំបន់ក្តាន់២ ដោយប្តូរទីតាំងភ្លើងស្តុបនេះ រដ្ឋបាលរាជធានីភ្នំពេញធ្វើ ឡើងក្នុងគោលបំណង ដើម្បីឱ្យស្ថានភាពចរាចរណ៍នៅតំបន់នេះមានភាពប្រសើរជាងមុន ខណៈតំបន់នេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការកែសម្រួលប្រព័ន្ធចរាចរនៅចំណុចតំបន់ក្តាន់២ និង ការជីកដាក់លូតាមបណ្តោយខាងជើងផ្លូវសហព័ន្ធរុស្ស៊ី រដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនា ដោយពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើងចាប់ពីស្ថានីយប្រេងឥន្ធនៈ តូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់ អភិវឌ្ឍន៍បឹងកក់) នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថី ព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី។

ការកែសម្រួលប្រព័ន្ធចរាចរណ៍នៅត្រង់ចំណុចប្រសព្វក្តាន់២ រវាងវិថីស៊ីធីសេនធ័រ (ផ្លូវ R៦) និងវិថីសាធារណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើ ការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរ មួយផ្នែកទៅជារង្វង់មូលក្តាន់២ និងស្ថាបនាផ្លូវជុំវិញ រង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល៕ ដោយ៖ សួស សំរិត