ខេត្តក្រចេះ បើកសិក្ខាសាលាស្ដីពី លទ្ធភាពឥណទានដល់ពាណិជ្ជករ កសិករ សិប្បករខ្នាតតូច និងមធ្យម

AKP ក្រចេះ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០

ខេត្តក្រចេះបានបើកសិក្ខាសាលាស្ដីពីលទ្ធភាពឥណទានដល់ពាណិជ្ជករ កសិករ សិប្បករ ម្ចាស់សិប្បកម្មខ្នាតតូច និងមធ្យម កាលពីព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោសក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

សិក្ខាសាលានេះប្រារព្ធឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូល រួមពីមន្រ្តីមន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់ថ្នាក់ និងក្រុមពាណិជ្ជករ សិប្បករ និងកសិករជាច្រើននាក់ផងដែរ។

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងថា នៅក្នុងអំឡុងពេលដែលស្ថានភាពជំងឺ Covid-19 កំពុងតែរីករាលដាលជាសកល ក្នុងនោះ ក៏មានប្រទេសកម្ពុជាយើងផងដែរ ដែលបានធ្វើឱ្យវិស័យកសិកម្ម ពាណិជ្ជកម្មនិងសិប្បករ ខ្នាតតូច និងមធ្យមនៅទូទាំងប្រទេស ដោយឡែកក្នុងខេត្តក្រចេះ  ក៏បានរងនូវផលប៉ះពាល់ ដល់ជីវភាព និងបាត់បង់ប្រាក់ចំណូលក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម និងសិប្បកម្ម។

ឯកឧត្ដមបញ្ជាក់ថា ដើម្បីធានាបាន ការគាំទ្រឱ្យដំណើរការការងារកសិកម្ម ពាណិជ្ជ កម្ម សិប្បកម្មខ្នាតតូចនិងមធ្យមទទួលបានឥណទានជាសាច់ប្រាក់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយមានការគាំទ្រពីរដ្ឋបាលខេត្តក្រចេះ បានបើកសិក្ខាសាលានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់ពាណិជ្ជករ កសិករ សិប្បករ អាចមានលទ្ធភាពខ្ចី ថវិកាពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម យកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម និងសិប្បកម្មខ្នាតតូចនិងមធ្យម ដើម្បីបង្កើនការផលិត បង្កើនការដាំដុះ សំដៅធ្វើយ៉ាងណាឱ្យ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។

ឯកឧត្តម អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានឱ្យដឹងផងដែរថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មមានកញ្ចប់ថវិកាចំនួន ៥០លានដុល្លារអាម៉េរិក ដើម្បីអាច ឱ្យបងប្អូនជា ពាណិជ្ជករ កសិករ សិប្បករម្ចាស់សិប្បកម្មខ្នាតតូចនិងមធ្យមនៅក្នុងខេត្តក្រចេះ អាចដាក់ពាក្យស្នើសុំកម្ចីឥណទានយកទៅប្រើប្រាស់តាមតម្រូវ ការចាប់ពី ៥០០០ដុល្លារ រហូតដល់ ៣០ម៉ឺនដុល្លារអាម៉េរិក ក្នុងអត្រាការប្រាក់៥ភាគរយក្នុងមួយឆ្នាំ៕ ដោយ៖ ជួន សុជាតិ