ស្វាព្រាមត្រូវបានប្រទះឃើញ និងកត់ត្រាដោយក្រុមឧទ្យានុរក្សនៅក្នុងតំបន់រ៉ាមសារស្ទឹង សែន ក្នុងតំបន់បឹងទន្លេសាប

AKP កំពង់ធំ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០

ស្វាព្រាមជាថនិកសត្វប្រភេទជិតផុតពូជ ដែលតែងតែត្រូវបានប្រទះឃើញ និងកត់ត្រា​ដោយ​ក្រុមឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែននៅរដូវទឹកសម្រក តាមបណ្តោយព្រៃលិច​ទឹក​ក្នុង​តំបន់បឹងទន្លេសាប។ នេះបើយោងតាមអង្គការជីវិតសត្វស្លាបកម្ពុជា(BirdLife Cambodia) ។

បើតាមអង្គការ BirdLife Cambodia បានឱ្យដឹងថា ជាទូទៅ ចំនួនអតិបរមាននៃ​សត្វមួយប្រភេទនេះដែលត្រូវបានកត់ត្រាក្នុងតំបន់រ៉ាមសារថ្មីនេះមានប្រមាណ១៥ក្បាល ដែលរមែងនៅជាហ្វូងចន្លោះ ៣-៥ក្បាល និងជាប្រភេទទទួលរំញោចខ្លាំង (ងាយនឹង​ផ្អើល)។ ជាមួយគ្នានេះ ការបាត់បង់ទីជម្រកធម្មជាតិ បញ្ហាភ្លើងឆេះព្រៃ ការដាក់អន្ទាក់ និង ការបរបាញ់សម្រាប់ការធ្វើពាណិជ្ជកម្ម គឺជាកត្តាគំរាមកំហែងខ្លាំងចំពោះមុខរបស់​ពួក​គេ នាពេលបច្ចុប្បន្ន។

អង្គការ BirdLife Cambodia ក៏បានអំពាវនាវ​សូមចូលរួមការពារ​និងរក្សាវត្ត​មាន​ពួកគេ​ក្នុងប្រព័ន្ធអេកូទ្បូស៊ីព្រៃលិចទឹកតំបន់រ៉ាមសារស្ទឹងសែនក៏ដូចជាបឹងទន្លេសាបទាំងមូល ទាំងអស់គ្នា៕ ដោយ៖ រិទ្ធី