រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងដាំដើមផ្កាក្ងោក និងដើមសាគូរ៉ា នៅអមសងខាងផ្លូវ ដើម្បីឱ្យកំណាត់ផ្លូវពីភូមិព្រះដាក់ ទៅកាន់ប្រាសាទបន្ទាយស្រី ក្លាយជា«រុក្ខវិថីគំរូ»ប្រចាំស្រុក

AKP សៀមរាប ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០–

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងកាលពី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ថា ដើម្បីលើកសោភណភាព និងភាពស្រស់ស្អាតនៃបរិស្ថាន អាជ្ញាធរស្រុកបន្ទាយស្រីគ្រោងចាត់ចែងដាំលម្អដើមផ្កាចម្រុះ ដូចជា ដើមក្ងោក និងដើមសា គូរ៉ា ដើម្បីទាក់ទាញភ្ញៀវទេសចរ រក្សាអត្តសញ្ញាណទីជនបទ និងលើកកម្ពស់ការរស់នៅស្អាត បែបធម្មជាតិប្រកបដោយភាពទាក់ទាញ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការ «២០២០ បន្ទាយស្រីស្អាត»ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។

លោក​បន្តថា រដ្ឋបាលស្រុកគ្រោងនឹងប្រែក្លាយកំណាត់ផ្លូវពីភូមិព្រះដាក់មកកាន់ប្រាសា ទបន្ទាយស្រី ដែលមានប្រវែងជិត២០គីឡូម៉ែត្រឱ្យក្លាយទៅជា«រុក្ខវិថីគំរូ»ប្រចាំស្រុក ដែល នៅតាមដងផ្លូវមានការរៀបចំប្រកបដោយសណ្តាប់ធ្នាប់របៀបរៀបរយ មិនមានការ រំលោភ ចំណីថ្នល់ មិនមានសំរាមបោះចោលពាសវាលពាសកាល ស្មៅ និងគុម្ពោតព្រៃ ត្រូវ បានជម្រះ មានការដាំផ្កាលម្អទាំងតូចទាំងធំនៅតាមរបង និងជុំវិញដើមឈើ និងជាពិសេស មានការ ចូលរួមជួយថែរក្សាពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមដល់ផ្លូវនេះ។

យុទ្ធនាការនេះក៏នឹងមានកម្មវិធីបរិស្ថានទ្រង់ទ្រាយធំជាប្រចាំ ព្រមទាំងមាន កម្មវិធី ប្រកួតប្រជែង ”ផ្ទះស្អាត” នៅតាមដងផ្លូវនេះផងដែរ។ ប្រសិនបើស្ថានភាពកូវីដ-១៩ អំណោយផល រដ្ឋបាលស្រុកនឹងរៀបចំកម្មវិធីដាំផ្កាតាមដងផ្លូវនេះជាកំណាត់ៗ ដោយនឹង អនុញ្ញាតឱ្យមានការចូលរួមជាបើកចំហ និងទូលំទូលាយពីសំណាក់មហាជន និងបងប្អូន ដែលស្រឡាញ់បរិស្ថាន។

លោកអភិបាលស្រុក ក៏បានសូមថ្លែងអំណរគុណជាពិសេសចំពោះឯកឧត្តមនាយ ឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលបាន ផ្តល់ជូនដើមក្ងោក និងដើមសាគូរ៉ាខ្នាតជំទង់ចំនួន១០០០ដើមផងដែរ៕ ដោយ៖ឃុត សៅ