ទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជា មានវត្តមាននៅក្នុងប្រទេសខ្លួន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស(Ermenegildo “Kupa” Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា​ បានលើកឡើងថា ទីម័រខាងកើត ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ឯកឧត្តមឯកអគ្គរដ្ឋទូត​ បានមានប្រសាសន៍ថា ទីម័រខាងកើតសម្បូរដោយធនធានធម្មជាតិ​ ដែលទាមទារឱ្យមានការវិនិយោគពីបរទេសដែលបច្ចុប្បន្ននេះ មានអ្នកវិនិយោគមកពីឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតតែមិនទាន់មានអ្នកវិនិយោគពីកម្ពុជានៅឡើយទេ ។

សំណូមពរនេះហើយដែលឯកឧត្តម ចង់ឃើញវត្តមានធុរជនកម្ពុជាទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត ។ ឯកឧត្តម បានបន្តថា​ ប្រជាពលរដ្ឋទីម័រខាងកើតបានគោរពស្រឡាញ់ន និងកោតសរសើរចំពោះវីរៈស្នេហា បម្រើប្រទេសជាតិ និងប្រជាជនរបស់សម្តេចប្រធានរដ្ឋសភា។ សម្តេចជាឥស្សរជនស្នេហាជាតិដែលបានចូលរួមរំដោះ អភិវឌ្ឍន៍ និងបង្រួបបង្រួមប្រជាជាតិ រហូតនាំកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការបោះពុម្ពផ្សាយសៀវភៅនិយាយពីប្រវត្តិតស៊ូរបស់សម្តេចប្រធានរដ្ឋសភា កាលពីឆ្នាំ២០១៨ ទុកសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ។ ឯកឧត្តម បានគូសបញ្ជាក់ថា​ សៀវភៅនោះមានសារៈសំខាន់ជាប្រវត្តិសាស្រ្ត។ ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ក៏បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹក នាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត តាមពេលវេលាសមស្របណាមួយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព នៃទំនាក់ទំនងការទូតល្អ​ រវាងប្រទេសទាំងពីរកម្ពុជា និងទីម័រខាងកើត។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹកចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យខ្លាំងក្លាថែមទៀតលើវិស័យទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកការគោរពអញ្ជើញរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត នៅពេលវេលាសមស្របណាមួយ។ សម្តេច បានមានប្រសាសន៍ថា កន្លងមក​រដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្ររដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេតការណ៍របស់អន្តរសភាអាស៊ាន(អាយប៉ា)​ ហើយនិងបន្តគាំទ្ររដ្ឋសភាទីម័រជាសមាជិកពេញសិទ្ធិទី១១ របស់អាយប៉ា និងអាស៊ាន នៅថ្ងៃអនាគត ។

ឯកឧត្តម អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានថ្លែងអំណរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់បេក្ខភាពរបស់ប្រទេសទីម័រខាងកើត នៅក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរសភាអាស៊ាន។ ឯកឧត្តមបានសន្យាថា​ នឹងខិតខំបំពេញបេសកកម្មការទូតឱ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើង។ ឯកឧត្តមឯកអគ្គរដ្ឋទូត​ បានចាត់ទុកកម្ពុជាជាគេហដ្ឋានទី២របស់ខ្លួន មានភាពកក់ក្តៅយ៉ាងខ្លំាង ទោះបីពេលនេះ​ពិភពលោកមានបញ្ហាជំងឺកូវីដ-១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ ដោយ៖ ប៉ាល់ សុង