សមាជិកព្រឹទ្ធសភាភូមិភាគ៨ នាំយកអំណោយផ្តល់ជូនជនចាស់ជរា និងគ្រួសារក្រីក្រ នៅ ស្រុកអូររាំង

AKP មណ្ឌលគិរី ថ្ងៃទី០៨​ ខែមិថុនា ឆ្នាំ២០២០–

ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតស្បៀង ក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅលើសកលលោកនោះ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ និង លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី និង អាជ្ញាធរមូលដ្ឋាន បានចុះជួបសំណេះ   សំណាល ព្រមទាំងបាននាំយកអំណោយ និងសម្ភារការពារការឆ្លងមេរោគកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៥៥គ្រួសារ ស្ថិតនៅភូមិពូទ្រូលើ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ឯកឧត្តម ណយ ស្រូន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចប្រធាន ព្រឹទ្ធសភា ពីសម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដែលជានិច្ចកាលតែងតែគិតគូរពី​សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន ក្មេងកំព្រា និងប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម បញ្ជាក់ថា ដោយស្ថានភាពបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅឱ្យមានអនាម័យជាប្រចាំ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផល និងដាំដុះដំណាំរួមផ្សំផ្សេងៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានជីវភាពរស់នៅ មានលក្ខណៈសមរម្យ ។

ឯកឧត្តម ណយ ស្រូន បានមានប្រសាសន៍ថា ចំពោះអំណោយដែលផ្តល់ជូនពលរដ្ឋខ្វះខាតនាពេលនេះ គឺមានការចូលរួមចំណែកពីសប្បុរសជននានា ក្នុងការដោះស្រាយនូវការខ្វះខាត បានមួយរយៈពេលខ្លី។

អំណោយ និងសម្ភារដែលចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងភូមិពូទ្រូលើ ឃុំសែនមនោរម្យចំនួន ៥៥គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ, ទឹកត្រី, មី, ត្រីខ, ក្រមា, អាល់កុល, សាប៊ូ, ម៉ាសការពារ ផងដែរ៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)