ប្រជាពលរដ្ឋជួបការខ្វះខាត ៨៥គ្រួសារនៅឃុំសរោង ស្រុកអូរជ្រៅ ទទួលបាន​អំណោយ ស្បៀងអាហារពីអាជ្ញាធរខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០–

ប្រជាពលរដ្ឋជូបការខ្វះខាតស្បៀង រងផលប៉ះដោយសារតែការរីករាលដាលនៃជំងឺ​កូវីដ-១៩ ចំនួន៨៥គ្រួសារ នៅក្នុងមូលដ្ឋានឃុំ សំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ទទួលអំណោយមនុស្សធម៌ជាស្បៀងអាហារ សម្ភារប្រើប្រាស់ ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ពួកគាត់ដែលកំពុងជួបបញ្ហាលំបាកនោះបានមួយ​​​គ្រាដែរ។

អំណោយនេះត្រូវបានឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារបាននាំយកទៅចែកផ្ទាល់ដៃជូនប្រជាពល រដ្ឋដែលជួបការខ្វះខាតនេះ កាលពីថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែ​មិថុនា ឆ្នាំ២០២០ ដោយក្នុងមួយគ្រួសារៗទទួលបាន​ អង្ករ​២០គីឡូក្រាម,​ មី​១កេស,​ ត្រីខ​១០កំប៉ុង,​ ទឹកត្រី​១យួរ,​ ទឹកស៊ីអ៊ីវ​១យួរ,​ ប្រេងឆារ​១លីត្រ,​ អំបិល​១គីឡូក្រាម,​ ស្ករស​១គីឡូក្រាម,​ សាប៊ូដុសខ្លួន​៤ដុំ,​ ក្រមា​២,​ មុង​១,​ ភួយ​១,​ និងកន្ទេល​១។

ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី បានលើកឡើងថា ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំ ហែងយើងជាប់ជានិច្ច ដូច្នេះសូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យឱ្យបាន ត្រឹមត្រូវ​​ដើម្បីកុំ​ឱ្យឆ្លងរោគពីគេមកយើង​ និងពីយើងទៅគេ​។ បើចាំបាច់​ចេញក្រៅផ្ទះត្រូវពាក់ ម៉ាសការពារ ត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ជាប្រចាំ កាត់បន្ថយការ ជួបជុំប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល វេលា។ សូមបងប្អូន​យកចិត្តទុកដាក់ខ្ពស់ លើអនាម័យសុខភាពរស់នៅ ឱ្យបានល្អជាប្រចាំដូច គ្នានឹងការគោពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពអាយុជីវិតយើងទាំងអស់គ្នា។

ជាមួយនោះដែរអភិបាលខេត្តបន្ទាយមានជ័យរូបនេះ ក៏បានជំរុញលើក​ទឹកចិត្ត​ប្រជា កសិករឱ្យ​​យកចិត្ត​ទុកដាក់​លើ​ការបង្កបង្កើន​ផល​ស្រូវ និង​ដំណាំ​រួមផ្សំ​ ព្រមទាំង​ពង្រឹង​ការងារ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម ដើម្បី​ចូលរួម​ធានា​នូវ​តុល្យភាព​ស្បៀងអាហារ ​ក្នុង​គ្រា​​មាន​វិបត្តិជំងឺ កូវីដ-១៩នេះ។ ឯកឧត្តមក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានការប្រុង ប្រយ័ត្នខ្ពស់នៅពេលដែលមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ គប្បីត្រូវរកទីកន្លែងណាដែល​ធានាបានសុវត្ថិភាព ចៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិតនោះ៕ ដោយ៖ ឈុន សារ៉ាត