អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ស្ថានភាពសុខភាពរបស់អ្នកជំងឺកូវីដ១៩ ទាំង០២នាក់ គឺល្អប្រសើរ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ — 

ថ្លែងប្រាប់អ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ស្ថានភាពសុខភាពរបស់អ្នកជំងឺកូវីដ១៩ ទាំង០២នាក់ គឺល្អប្រសើរ និងពុំមានសញ្ញាណាមួយគួរឱ្យព្រួយបារម្ភនោះទេ។

ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ “អ្នកជំងឺដែលនៅសេសសល់ទាំងពីរនាក់នោះ គឺកំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយទេ ដោយម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទីក្រុងភ្នំពេញ និងម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ហើយស្ថានភាពរបស់ពួកគាត់ពុំមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ ហើយក្រោមការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យរបស់យើង យើងសង្ឃឹមថាពួកគាត់នឹងបានជាសះស្បើយក្នុងពេលខាងមុខនេះ”។ 

ដោយឡែកទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ ឯកឧត្តមវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា៖ “បើទោះបីជាយើងដឹងថាករណីចុងក្រោយនេះ គឺសុទ្ធតែជាករណីនាំចូលក៏ដោយ ក៏យើងនៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច គ្រប់ជាន់ថ្នាក់ទាំងអស់ ដោយបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតអំពីស្ថានភាពជំងឺនេះ ក៏ដូចជាការរឹតបន្តបន្តឹងការតាមដានសុខភាពរាល់អ្នកដំណើរទាំងអស់ដែលមកពីក្រៅប្រទេស ទាំងជនបរទេស និងកម្ពុជាខ្លួនឯងផងដែរ គឺគ្រប់ច្រកទាំងអស់ ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ជាពិសេសគឺផ្លូវអាកាស ដែលគ្រប់អ្នកដំណើរត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ទាំងអស់ រួមជាមួយការធ្វើចត្តាឡីស័ក១៤ថ្ងៃ មុននឹងអនុញ្ញាតឱ្យពួកគាត់មករស់នៅជាធម្មតាវិញ។ ហើយចំពោះគម្លាតបុគ្គល និងគម្លាតសង្គម គឺត្រូវតែបន្តអនុវត្តជានិច្ចសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្រុងស្រុក ដោយមិនត្រូវធ្វេសប្រហែសជាដាច់ខាត ក្នុងនោះក្រសួងសុខាភិបាលក៏បានត្រៀមរៀបចំផែនការច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលវីរុសកូវីដ១៩នេះ ជាពិសេសនោះគឺ ទប់ទល់រលកទី២ ដូច្នេះក្នុងករណីមានរលកទី២ ក្រសួងសុខាភិបាលមានផែនការត្រៀមរួចជាស្រេចសម្រាប់ទប់ទល់រួចហើយ” ។

សូមបញ្ជាក់ថា ជាង១សប្តាហ៍មកហើយដែលកម្ពុជាពុំមានរកឃើញករណីកូវីដ១៩ ថ្មី បន្ទាប់ពីរកឃើញ០៣ករណីចុងក្រោយដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ដូច្នេះហើយទើបឃើញមានការបន្ធូរបន្ថយវិធានការមួយចំនួនដូចជាការអនុញ្ញាតឱ្យបើកសារមន្ទីរ ការប្រកួតកីឡា និងកន្លែងហាត់ហ្វឹកហ្វឺនរបស់កីឡាករឡើងវិញ ប៉ុន្តែត្រូវគោរពវិធានការអនាម័យ ក៏ដូចជាការហាមប្រមូលផ្តុំទ្រង់ទ្រាយធំជាដើម។

ឯកឧត្តមវេជ្ជបណ្ឌិត សង្ឃឹមថានឹងមានការកាត់បន្ថយវិធានការរឹតបន្តឹងខ្លះៗទៀត ដរាបណាករណីជំងឺកូវីដ១៩នៅកម្ពុជា កាន់តែធូរស្រាលជាងនេះ ដើម្បីប្រជាពលរដ្ឋកម្ពុជាអាចវិលទៅរកជីវភាពរស់នៅតាមបែបធម្មតារបស់ខ្លួនវិញ ប៉ុន្តែតាមគន្លងថ្មី គឺគម្លាតសង្គម គម្លាតបុគ្គល ការធ្វើអនាម័យដៃឱ្យបានញឹកញាប់ ការស្ទង់កម្ដៅនៅកន្លែងធ្វើការនានា ចៀសវៀងការចាប់ដៃ ដោយប្តូរមកការសំពះវិញ ដែលជាប្រពៃណីរបស់ខ្មែរស្រាប់ រួមជាមួយនឹងការប្តូរពីរការប្រជុំទំហំធំ ឬគ្នាច្រើន មកជាការប្រជុំតិច ឬតាមវីដេអូ (Videoconference) វិញ។

ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានសំណូមពរជាថ្មីហើយដ៏ទទូចដល់ប្រជាពលរដ្ឋទាំងអស់ គឺពុំត្រូវធ្វេសប្រហែសឡើយ ព្រោះប្រទេសជិតខាង ក៏ដូចជាពិភពលោកទាំងមូលពុំទាន់មានសញ្ញាថមថយនៅឡើយទេ ដើម្បីការពារកម្ពុជាពីរលកទី២។

យោងតាមគេហទំព័រ worldometers ការរីករាលដាលវីរុសកូវីដ១៩ ទូទាំងពិភពលោកមានចំនួនជិត ៧លានករណីហើយ ដោយបានសម្លាប់អ្នកជំងឺជិត ៤០ម៉ឺននាក់ និងព្យាបាលជាសះស្បើយជាង៣លាននាក់ ខណៈកម្ពុជាវិញ គិតចាប់ពីការរកឃើញករណីដំបូងទៅបុរសទេសចរជនជាតិចិន កាលពីចុងខែមករា ឆ្នាំ២០២០ រហូតមកទល់នឹងព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នេះ មានករណីសរុបចំនួន ១២៥នាក់ ក្នុងនោះករណីព្យាបាលជាសះស្បើយមានចំនួន ១២៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ០២នាក់ ដោយក្នុងនោះ ករណីភាគច្រើនគឺជាការនាំចូលពីក្រៅប្រទេស៕ ដោយ៖ផែន រតនៈ