រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាច្បាប់មួយសំខាន់ចាំបាច់ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាមួយបណ្តាប្រទេសនានា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងថា  ច្បាប់ស្តីពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលជាច្បាប់មួយមានសារៈសំខាន់ និងចាំបាច់ ដែលមិនត្រឹមតែបង្កើតឱ្យមាននីតិវិធីផ្ទៃក្នុងមួយច្បាស់លាស់ សម្រាប់ជំរុញបន្ថែមផ្នែកក្រម នីតិវិធីព្រហ្មទណ្ឌ ក្នុងការធានាដល់ការអនុវត្តសន្ធិសញ្ញានានាស្តីពី ការជួយគ្នាទៅ វិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមាន មូលដ្ឋានគតិយុត្តមួយ ដែលបម្រើដល់ការពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជា​មួយ​នឹងបណ្តាប្រទេសជាមិត្ត ដោយឈរលើគោលការណ៍ នៃការគោរពអធិបតេយ្យ និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកក្នុងគោល បំណងដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌ ជាពិសេស ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ព្រមទាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។

ក្នុងនាមសហការីទាំងអស់ តាងនាមតំណាងរាជរដ្ឋាភិបាល ការពារ សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចប្រធានរដ្ឋសភា និងអង្គសភាទាំងអស់ ដែលបានផ្តល់សំឡេងគាំទ្រ និងអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ក៏បានលើកឡើងចំពោះអង្គសភាដែរថា ច្បាប់ស្តីពី ការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលមាន ៦ជំពូក និង៤៤មាត្រានេះ ឆ្លងតាមការ សិក្សាគណៈកម្មការជំនាញរបស់រដ្ឋសភាក៏យល់ឃើញថា ជាច្បាប់មានភាពចាំបាច់ និងសំខាន់ ហើយទម្រង់ច្បាប់ក៏ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ឡោក ខេង តំណាងរាស្ត្រម្នាក់មកពីគណបក្សប្រជាជន ក៏បានសម្តែងនូវការគាំទ្រសេចក្តីព្រាងច្បាប់ទាំងមូល ថាជាច្បាប់សំខាន់ និងចាំបាច់សម្រាប់សង្គមជាតិកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ ក៏ដូចជាសកលលោកផងដែរ។

សូមបញ្ជាក់ថា សេចក្តីច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌនេះ ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភា ក្រោមអធិបតីភាពសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្តល់សំឡេងគាំទ្រ និងអនុម័តដោយសំឡេង ១០៨សំឡេង នៃអង្គសភាទាំងមូល នាព្រឹកថ្ងៃទី០៥ ខែមិថុនានេះ។   នៅព្រឹកថ្ងៃដដែលនេះដែរ សម័យប្រជុំពេញអង្គរបស់រដ្ឋសភាលើកទី៤ នីតិកាលទី៦ ក៏បានបន្តលើកយកសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត​យល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ មកពិភាក្សា និងផ្តល់ការគាំទ្រអនុម័តដោយសំឡេង ១០៦សំឡេង  នៃអង្គសភាទាំងមូល ជូនរាជរដ្ឋាភិបាលទុកជាការប្រញាប់ផងដែរ៕

ដោយ ប៉ាល់ សុង