អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្ត

AKP កែប ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម សោម  ពិសិដ្ឋ  អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់នៃសាលា ខេត្តកែប កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម   សោម ពិសិដ្ឋ បានថ្លែងអំណរ គុណ ដល់មន្រ្តីរាជការគ្រប់រូប គ្រប់ផ្នែក ដែលបានខិតខំបំពេញការងារជូនរដ្ឋបាលខេត្ត ក្នុង រយៈពេលកន្លងមក។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ មន្រ្តីគ្រប់ ឋានានុក្រម ត្រូវខិតខំបំពេញការងារបន្ថែមទៀត លើការអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ គឺគោរពវិន័យការងារ និងគោរពគ្នាទៅវិញទៅមក ជាពិសេសឋានានុក្រមការងារ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់មន្រ្តីគ្រប់រូបត្រូវបង្កើនការ សិក្សារៀនសូត្រនូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បង អ្នកជុំវិញខ្លួនក៏ដូចជា លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច។

ក្រៅពីការណែនាំ ក៏ដូចជាផ្តល់អនុសាសន៍នេះ គឺដើម្បីបង្កើន និងពង្រឹង ប្រសិទ្ធភាព ការងារបន្ថែម។ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ ជូនសម្ភារៈការិយាល័យ មួយចំនួន ដល់មន្រ្តីតាមទីចាត់ការ និងអង្គភាពផ្សេងៗមានដូចជា កុំព្យូទ័រចំនួន ១០គ្រឿង  ដ្រូនថតរូប ០១គ្រឿង និងម៉ាស់ផងដែរ៕ ដោយ៖ប្រាក់ លាង