ទីភ្នាក់ងារ AUF រៀបចំសិក្ខាសាលាតាមអនឡាញស្តីអំពី ការបញ្ចូល និងគ្រប់គ្រងកម្មវិធីអប់រំពីចម្ងាយក្នុងគ្រឹះស្ថានឧត្តមសិក្សា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ —

ក្នុងក្របខណ្ឌនៃផែនការពិសេសរបស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ក្នុងបរិបទរោគរាតត្បាត​នៃជំងឺកូវីដ-១៩ និងនៅក្នុងផែនការជួយជ្រោមជ្រែងគ្រឹះស្ថានឧត្តមសិក្សាជាសមាជិកក្នុងការបង្កើនគុណភាពបណ្តុះបណ្តាលជាលក្ខណៈអ៊ីប្រ៊ីដ(Hybride) និងពីចម្ងាយ នៅតាមសាកលវិទ្យាល័យ ទីភ្នាក់ងារ AUF ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាតាមអនឡាញមួយ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

យោងតាមប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ AUF សិក្ខាសាលាលើកទី៣ដែល AUF បានរៀបចំនេះ ផ្តោតលើការបញ្ចូលកម្មវិធីបង្រៀន និងការគ្រប់គ្រងការអប់រំតាមអនឡាញ ប្រកបដោយប្រសិទ្ធិភាពនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា។

សាកលវិទ្យាធិការ សាកលវិទ្យាធិការរង ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងតំណាងសាកលវិទ្យាល័យទាំង១២ រួមនឹងតំណាងក្រសួងការបរទេស ក្រសួងអប់រំ ព្រមទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជនមួយចំនួនទៀត សរុបប្រមាណ១៣០នាក់ បានចូលរួមក្នុងសិក្ខាសាលានេះដោយផ្ទាល់តាមអនឡាញជាមួយនឹងឧបករណ៍ Microsoft Teams និងតាមការផ្សាយបន្តផ្ទាល់នៅតាមគ្រឹះស្ថានរបស់ខ្លួនសម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យជាច្រើនទៀតផង ។

ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា លោកស្រី នាយិកា AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា៖ « ការបណ្តុះបណ្តាលពីចម្ងាយគឺចាំបាច់ណាស់ក្នុងបរិ​បទនៃការឆ្លងរាលដាលនៃកូវីដ។ អាស្រ័យហេតុនេះហើយ វាគឺជាជំហានដំបូងដែលយើងចង់អភិវឌ្ឍជាមួយលោកអ្នក និងធ្វើការងារនេះបន្តបន្ទាប់ច្រើនឆ្នាំទៅមុខទៀត ព្រោះវាចាំបាច់ណាស់សំរាប់គ្រឹះស្ថានឧត្តមសិក្សា។ លោកអ្នកបានយល់កាន់តែច្បាស់នូវអ្វីដែលយើងធ្វើថ្ងៃនេះមិនមែនសម្រាប់តែក្នុងបរិបទកូវីដទេ គឺសម្រាប់អនាគត។ AUF គឺជារបស់គ្រឹះស្ថានជាសមាជិកនៅកម្ពុជា »

ចំណែកលោក Mokhtar Ben Henda វាគ្មិនជំនាញផ្នែកបង្រៀនអនឡាញ មកពីសាកលវិទ្យាល័យ Bordeaux Montaigne នៃប្រទេសបារាំង បានមានប្រសាសន៍ថា ៖ « នៅលើពិភពលោកទោះបីនៅប្រទេសរីកចម្រើនមួយចំនួន នៅមានតំបន់ខ្លះមិនទាន់មានការអប់រំពីចម្ងាយនៅឡើយទេ។ មានការបណ្តុះបណ្តាលយូរមកហើយតាមទូរទស្សន៍ វិទ្យុ តេឡេក្រាម ។ល។ ប៉ុន្តែមិនទាន់អាចចាត់ទុកជាការបង្រៀនតាមអនឡាញនោះទេ។ លោកបានបន្តថា តាមការសិក្សារបស់លោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នាប៉ុន្មានខែមុនកូវីដ-១៩ ប្រទេសកម្ពុជាទើបតែចាប់ផ្តើមដំណើរការខ្លះៗប៉ុណ្ណោះ ប៉ុន្តែនៅខ្វះខាតដំណោះស្រាយដែលមានរចនាសម្ព័ន្ធច្បាស់លាស់នៅឡើយ។ ហេតុដូច្នេះហើយ ក្នុងបរិបទកូវីដ-១៩នេះបានជួយជំរុញកាន់តែលឿននូវការបង្រៀនពីចម្ងាយ និងជំរុញខ្លាំងក្លាបន្ថែមទៀតក្រោយកូវីដ។

សិក្ខាសាលាដែលរៀបចំពេលនេះគឺផ្តោតលើវិធីសាស្ត្រ និងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធិភាពសម្រាប់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាក្នុងការបញ្ចូលកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ ។ ការសិក្សាពីចម្ងាយបែងចែកជា៣កម្រិត៖ ១-Transversal គ្រូៗប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា (ICT) សាធារណៈរៀងៗខ្លួន ដើម្បីផលិតឡើងវិញនូវសកម្មភាពបង្រៀនទល់មុខគ្នា។ល។ វាជាដំណោះស្រាយក្នុងរយៈពេលខ្លី។ ២-គ្រឹះស្ថានសិក្សាវិនិយោគលើការប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា ដើម្បីរៀបចំតម្លើងវគ្គបណ្តុះបណ្តាលពីចម្ងាយ (បន្ទប់បង្រៀន LAN, ENT, Internet, WIFI…)។ ជាការរៀបចំការបណ្តុះបណ្តាលមិនទាន់ទទួលស្គាល់ជាលក្ខណៈផ្លូវការតាមច្បាប់ប្រទេស។ ៣-រដ្ឋបង្កើតច្បាប់សម្រាប់គ្រប់គ្រងការអប់រំតាមប្រព័ន្ធអេឡិចត្រូនិច (ក្រឹត្យ សារាចរ គោលនយោបាយអប់រំជាតិ។ល។)។ ស្ថិតក្នុងន័យនេះ ថ្នាក់ដឹកនាំគ្រឹះស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តាប់ និងស្រង់នូវតម្រូវការទាំងឡាយទាំងបច្ចេកវិទ្យា ឧបករណ៏ និងគរុកោសល្យ របស់សាស្ត្រាចារ្យដើម្បីមានអ្វីជាទឡ្ហីករក្នុងការស្នើសុំការបង្កើតច្បាប់ជូនដល់ក្រសួងអប់រំឬរដ្ឋាភិបាល។

មានការចោទជាសំណួរថាតើគ្រឹះស្ថានទាំងឡាយត្រូវរង់ចាំបង្កើតច្បាប់ហើយទើបធ្វើការបង្រៀនតាមអនឡាញ។ លោកវាគ្មិនបានលើកទឹកចិត្តឱ្យគ្រឹះស្ថានទាំងឡាយចាប់ផ្តើមពីឥឡូវដោយផ្តោតលើដំណោះស្រាយ៥ជំហានសំខាន់ៗក្នុងការបញ្ចូលកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ ៖ ១-វិភាគលើតម្រូវការ និងកំណត់ទិសដៅ (តើការសិក្សាពីចម្ងាយមានបញ្ហាប្រឈមអ្វីខ្លះ? តើអ្នកចង់បង្រៀនពីចម្ងាយលើជំនាញអ្វីខ្លះ? តើសំដៅទៅលើអ្នកសិក្សាប្រភេទណាខ្លះ? តើអ្នកសិក្សាមានការអប់រំបច្ចេកទេស វិជ្ជាជីវៈ និងវប្បធម៌កម្រិតណា?) ២-កំណត់គោលដៅប្រកបដោយភាពឆ្លាតវៃ ៣-កំណត់ផែនការសកម្មភាព ខ្លឹមសារ និងវិធីសាស្ត្រវាយតម្លៃ ៤-ជ្រើសរើសបច្ចេកវិទ្យា/កំណត់ឧបករណ៍(Plateforme) ប្រព័ន្ធគ្រប់គ្រងការសិក្សា ដែលត្រូវយកមកប្រើ។ សាកល្បងដំណើរការបច្ចេកទេស និងគរុកោសល្យ ដើម្បីកែសម្រួលមុនពេលចាប់ផ្តើម។ និង ៥-ធ្វើសកម្មភាព/ប្រតិបត្តិការបញ្ចូលខ្លឹមសារទៅលើ Plateforme ដែលបានជ្រើសរើស ។ គ្រប់ជំហាន និងដំណោះស្រាយមានបញ្ជាក់ក្នុងសៀវភៅមគ្គុទេសន៍សំរាប់ការបណ្តុះបណ្តាលពីចម្ងាយដែល AUF បានបកប្រែជាភាសាខ្មែរ និងចែកជូនដល់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យទាំងឡាយដែលបានចូលរួមក្នុងសិក្ខាសាលា។

បន្ទាប់ពីបានបង្ហាញនូវគន្លឺះសំខាន់ៗដែលអាចជួយជាប្រទីបដល់ថ្នាក់ដឹកនាំ នៃគ្រឹះស្ថានក្នុងការបញ្ចូលកម្មវិធីបណ្តុះបណ្តាលពីចម្ងាយ លោកក៏បានលើកឡើងអំពីក្របខ័ណ្ឌគតិយុត្តិ មូលដ្ឋានបច្ចេកវិទ្យា នវានុវត្តន៍គរុកោសល្យ គំរូសេដ្ឋកិច្ចទាក់ទងនឹងការចំណាយលើការអប់រំពីចម្ងាយ ការបង់ប្រាក់ជូនសាស្ត្រាចារ្យដឹកនាំ និងបង្រៀនតាមអនឡាញ ។ល។ ដែលមានការចំណាយខុសគ្នាពីស្ថាប័នមួយទៅស្ថាប័នមួយ។

ជាចុងក្រោយ លោកវាគ្មិនបានលើកឡើងថា ការិយាល័យ AUF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានសក្តានុពលគ្រប់គ្រាន់អាចចូលរួមជ្រោមជ្រែងគ្រឹះស្ថានឧត្តមសិក្សាទាំងឡាយ និងស្វែងរកឯកសារផ្សេងៗ ដើម្បីជួយជាដំណោះស្រាយដល់គ្រប់តម្រូវការរបស់គ្រឹះស្ថានក្នុងការដាក់ឱ្យយដំណើរការការអប់រំពីចម្ងាយប្រកបដោយប្រសិទ្ធិភាព។ តំណាងការិយាល័យ AUF នៅកម្ពុជាបានរំលឹកអំពីកម្មវិធីបណ្តុះបណ្តាលតាមអនឡាញ និងបានអញ្ជើញសាស្ត្រាចារ្យ តំណាងគ្រឹះស្ថានទាំងឡាយឱ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំសិក្ខាសាលាតាមអនឡាញដែល AUF​ នឹងរៀបចំជាបន្តបន្ទាប់នាសប្តាហ៍ក្រោយ៕ ដោយ៖ នីកា