សម្ដេចចៅហ្វាវាំង ព្រះរាជតំណាងព្រះមហាក្សត្រ បាននាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្តរងគ្រោះដោយ ខ្យល់កន្ត្រាក់ ស្រុកសាមគ្គីមានជ័យ

AKP  កំពង់ឆ្នាំង ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០–

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំងឯកឧត្តមឈ្មោះឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ជាតំណាងកាកបាទក្រហមកម្ពុជា តំណាងក្រសួងស្ថាប័ននានា ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានអញ្ជើញជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៥៩គ្រួសារ នៅក្នុងឃុំពាមនិងឃុំស្វាយ ស្រុកសាមគ្គីមានជ័យខេត្ដកំពង់ឆ្នាំង ថ្ងៃព្រហស្បតិ៍១៤កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ដែលពិធីចែកអំណោយនេះធ្វើនៅ ឃុំពាមនិងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។

សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះមហាក្សត្រ បានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ និងសេចក្ដីនឹករឭកយ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម​ហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្រត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះប្រជារាស្ត្រ ជាកូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យយកចិត្ដទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ។

សម្ដេច ព្រះរាជតំណាងព្រះមហាក្សត្រ ក៏បានលើកឡើងផងដែរ នូវការសាកសួរសុខទុក្ខ និងផ្ដាំផ្ញើពីសំណាក់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រមុខ រដ្ឋស្ដីទី សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជានៅទូទាំងប្រទេស ដែលសម្ដេចទាំងបីបានដឹកនាំប្រទេសជាតិនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ។ ជាពិសេសបានធ្វើឱ្យជីវភាពរបស់ប្រជាព​ល​រដ្ឋកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួលបានការកោតសរសើរពីសំណា​ក់​មជ្ឈដ្ឋានជាតិ អន្តរជាតិ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ និងមានវិធានការក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលានៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ ណាមួយឡើយ។

ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែដែលបានព្រះរាជទាន ជូនដល់ប្រជារាស្រ្ត​រងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់រលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៥៩គ្រួ​សារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១០០គីឡូក្រាម ឃីត ២កញ្ចប់ (មុង២ភួយ២សារុង២ និងក្រមា២) មី២កេស ត្រីខ ២០កំប៉ុង កៅស៊ូតង់ចំនួន ២ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ និងថវិកាចំនួន ៨០ម៉ឺនរៀលរងគ្រោះដោយសាររ​លំ​ផ្ទះចំនួន៥គ្រួសារនិងថវិកា ២០ម៉ឺនរៀលរងគ្រោះដោយរបើកដំបូលផ្ទះចំនួន ៥៣ គ្រួ​សា​រ​ ៕

ដោយ៖សោម ឫទ្ធី