ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ខ្លួន

AKP មណ្ឌលគិរី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០–

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី ១២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ ក្រោមវត្តមាន ឯកឧត្តម លី សាមិ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង០៥ក្នុងខេត្ត ដែលប្រព្រឹត្តទៅនៅអគារប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានណែនាំអាជ្ញាធរក្រុង ស្រុក និង មន្រ្តីជំនាញ ត្រូវបន្តផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យបានទូលំទូលាយ ទោះបច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជា មានអ្នកជាសះស្បើយ នៃជំងឺនេះក៏ដោយ តែនៅលើពិភពលោក កំពុងតែរីករាលដាល និងមានការព្រួយបារម្ភយ៉ាងខ្លាំង។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនាម័យជាប្រចាំ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នេះ។ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរ និងមន្រ្តីជំនាញ ត្រូវសហការគ្នា ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសត្រូវរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម លី សាមិ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍  ឱ្យសមាជិក-សមាជិកា នៃអង្គប្រជុំធ្វើការពិនិត្យ និងមានមតិយោបល់ ដើម្បីបំពេញបន្ថែមលើរបាយការណ៍ព្រមទាំងបញ្ហាប្រឈមនានា ដែលអង្គភាពបានជួបប្រទះក្នុងការអនុវត្ត តួនាទីរបស់ខ្លួនកន្លងមក។ ចំពោះបញ្ហាដែលបានលើកឡើងនៅក្នុងអង្គប្រជុំនោះដែរ មន្ទីរអង្គភាពជំនាញវិស័យនីមួយៗ បានធ្វើការឆ្លើយបំភ្លឺជូនអង្គប្រជុំរួចរាល់ រីឯបញ្ហាដែលនៅសេសសល់មួយចំនួន មន្ទីរអង្គភាពជំនាញនឹងឆ្លើយបំភ្លឺនៅក្នុងអង្គប្រជុំនាពេលក្រោយជាបន្តទៀត។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការកោតសរសើរ ដល់អាជ្ញាធរខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង មន្ទីរអង្គភាពទាំងអស់ ដែលបានខិតខំយកចិត្តទុក ដាក់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់នៃការរីករាល់ដាលនូវជំងឺឆ្លងកូវីដ១៩ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក ដើម្បីធ្វើយ៉ាងណាឱ្យខេត្តមណ្ឌលគិរី មានការរីកច្រើនបន្ថែមទៀត៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)