គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ និងរបើកដំបូលផ្ទះ នៅឃុំស្វាយ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា

AKP កំពង់ឆ្នាំង ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០–

កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង សមាជិក សមាជិកាគណៈកម្មាធិការសាខា និងថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៧គ្រួសារ ស្ថិតនៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។   

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍សម្ដែងនូវការចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងចំពោះគ្រួសារបងប្អូន នៅក្នុងឃុំស្វាយ ជាពិសេសទាំង០៧គ្រួសារ ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ។ ឯកឧត្តមក៏បានពាំនាំនូវប្រសាស ន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ និង យកចិត្តទុកដាក់ពីសុខទុក្ខ ប្រជាពលរដ្ឋជួបការលំបាក និង រងគ្រោះដោយគ្រោះធម្មជាតិគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាពការពារខ្លួនការពារជីវិតពីជំងឺកូវីដ-១៩ ត្រូវរក្សាអនាម័យ ដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពីវិធានការការពារជីវិតពីជំងឺដ៏កាចសាហាវមួយនេះ។

ក្នុងឱកាសនោះដែរឯកឧត្តម ឈួរ ច័ន្ទឌឿន និងក្រុមការងារ បានចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៧គ្រួសារ ដោយក្នុងនោះមានគ្រួសាររលំផ្ទះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់, ជែលលាងដៃ ១ដប, រួមទាំងថវិកា ១០ម៉ឺនរៀល និងថវិកាសប្បុរសជន ២០ម៉ឺនរៀល(សរុប៣០ម៉ឺនរៀល)។ ដោយឡែកគ្រួសារ របើកដំបូលផ្ទះចំនួន ០២គ្រួសារទទួលបាន អង្ករ ២៥គីឡូ ក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់, ជែលលាងដៃ ១ដប, ថវិកា ២ម៉ឺនរៀល រួមនឹងថវិកាសប្បុរសជនចំនួន ២០ម៉ឺនរៀល (សរុប២២ម៉ឺនរៀល) ៕ ដោយ៖ បៃ ស៊ីថុន