អភិបាលខេត្ត នាំអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាល នៃជំងឺកូវីដ-១៩ នៅស្រុកល្វាឯម

AKP កណ្ដាល ថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ៩០គ្រួសារ នៅឃុំចំនួន៦ ក្នុងស្រុកល្វាឯម ព្រមទាំងបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះទាំងអស់ដោយក្តីនឹករឭក ។

ជាមួយគ្នានេះឯកឧត្តម បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺគ្រួសារចាស់ជរាគ្មានទីពឹង គ្រួសារជនពិការ គ្រួសារកុមារកំព្រា គ្រួសារស្ត្រីមេម៉ាយកូនច្រើន គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលក្រីក្រ បំផុតជាដើម ។

ប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ ដែលបានទទួលអំណោយទាំង ៩០គ្រួសារនេះដោយក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ ១កេស, ទឹកត្រី ១យួរ,  ខ្ទឹមស ១កញ្ចប់, ទឹកអាល់កុល ១ដប, ម៉ាស់ ១០បន្ទះ, និងថវិកា ១៥ម៉ឺនរៀល។ ក្នុងនោះថវិការបស់សាខាកាកបាទក្រហមចំនួន ១០ម៉ឺនរៀល និង ថវិការបស់ឯកឧត្តម ជាប ដាវុទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ចំនួន ៥ម៉ឺនរៀល ៕​ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)