ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣

AKP ពោធិ៍សាត់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ —

កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំនេះផ្តោតសំខាន់ក្នុងការតម្រង់ទិសវិស័យអប់រំ ក្នុងអំឡុងពេលនៃការរីរាលដាលជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិ   បាលខេត្ត ព្រមទាំងអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពនានាជុំវិញខេត្តផងដែរ។   

ឯកឧត្តម ម៉ក់ រ៉ា បានមានប្រសាសន៍ថា​ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តពោធិ៍ សាត់ មានរបៀបវារ: ចំនួន១០ យកមកពិនិត្យ និងពិភាក្សា រួមមាន ៖១. ពិនិត្យកូរ៉ុម ។ ២. ប្រសាសន៍បើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ។ ៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។ ៤. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ។ ៥. ពិនិត្យ និងអនុម័ត សេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត ។ ៦. ពិនិត្យ និងអនុម័ត និមិត្តសញ្ញា របស់ខេត្តពោធិ៍សាត់។ ៧. ពិនិត្យ និងអនុម័ត ស្ថាបនាស្ពានថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៥ ។ ៨. ពិភាក្សាការដាំដើមឈើ នៅផ្លូវវៀងក្រុងពោធិ៍សាត់ ។ ៩. ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត ។ ១០. បញ្ហាផ្សេងៗ ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍មួយចំនួនទាក់ទិនវិស័យអប់រំក្នុងអំឡុងពេលមានផលប៉ះពាល់ជំងឺកូវីដ-១៩ រួមមាន៖  សីលធម៌សង្គម, ចំណេះដឹង, សីលធម៌គ្រូ, សាមគ្គីភាពផ្ទៃក្នុង និងបំពាក់បំប៉នចំណេះដឹង។ ឯកឧត្តមបានជំរុញឱ្យមន្ត្រីអប់រំខេត្តចុះពិនិត្យ និងសិក្សាវាយតម្លៃគ្រប់សាលាទូទាំងខេត្ត ក្នុងគោលបំណងឈ្វេងយល់ពីផលប៉ះពាល់ជំងឺកូវី-១៩ និងកែលម្អ ទាំងគុណភាព និងបរិមាណ ដើម្បីឈានទៅជាសាលារៀនគំរូទៅថ្ងៃអនាគត។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការក្រើនរម្លឹកផងដែរ ដល់​អាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ ប្រជាកសិករឱ្យយកចិត្តទុកដាក់ជំរុញលើការងារបង្កបង្កើនផល ព្រោះរដូវ​វស្សាបានចូលមកដល់ហើយ។

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានជំរុញដល់មន្ទីរកសិកម្ម ធនធានទឹក និងឧតុនិយម អាជ្ញាធរស្រុក ក្រុង ​ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះតាមដាន ពិនិត្យមើលលើសកម្មភាពការងារដាំដុះស្រូវវស្សានោះ ឱ្យបានជាប់លាប់ដើម្បីរួមចំណែកជាមួយប្រជាកសិករយើង សំដៅជួយពន្លឿការងារដាំដុះនេះឱ្យបានទាន់រដូវកាល ព្រោះអីមកដល់ពេលនេះនៅខេត្តពោធិ៍សាត់ តំបន់ខ្លះទទួលបានទឹកភ្លៀង​ច្រើន តំបន់ខ្លះក៏មិនទាន់ភ្លៀងបានជោកជាំនៅឡើយ ដែលនេះទាមទារឱ្យ​មន្ទីរជំនាញត្រូវយកចិត្តទុកដាក់នោះ សំដៅធ្វើយ៉ាងណាធ្វើឱ្យខេត្តកាន់តែមានកាអភិវឌ្ឍ រីកចម្រើនបន្ថែមទៀត៕ ដោយ៖ បៃ ស៊ីថុន (ប្រភពៈ រដ្ឋបាលខេត្តពោធិ៍សាត់)