រដ្ឋមន្រ្តីក្រសួងអប់រំ អញ្ជើញចុះពិនិត្យការសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញ នៅខេត្តបាត់ដំបង

AKP បាត់ដំបង ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង គណៈប្រតិភូ បានអញ្ជើញចុះពិនិត្យការសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញ នៅវិទ្យាល័យនេតយ៉ង់ ព្រមទាំងបានប្រគល់ពានរង្វាន់ និងប័ណ្ណសរសើរ ជូនដល់លោកគ្រូ អ្នកគ្រូគំរូ ដែលខិតខំបង្រៀន និងការរៀបចំសាលារៀនឱ្យមានសណ្ដាប់ធ្នាប់ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ដែលខិតខំបង្រៀន ទាំងការបង្រៀនដោយផ្ទាល់ មុននឹងផ្ទុះនូវជំងឺកូវីដ-១៩ និងការសិក្សាពីចម្ងាយក្ដី ដើម្បីចូលរួមកែខៃគុណភាពអប់រំ បានល្អលើសមួយកម្រិត និងជាពិសេសបើគ្មានការទំនាក់ទំនងរវាងគ្រូ និងសិស្សទេនោះ ប្រសិទ្ធភាពនៃការបង្រៀនក៏មិនមានជាលក្ខណៈពេញលេញនោះដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា នៅថ្ងៃអនាគតនេះ ដើម្បីចូលរួមកាត់បន្ថយការចំណាយផ្សេងៗរបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្រសួងនឹងធ្វើការរៀបចំការសិក្សាតាមប្រព័ន្ធប្រពៃណីដូចមុន ដោយអនុញ្ញាតឱ្យសិស្សានុសិស្ស មកទទួលកិច្ចការនៅសាលាវិញ តែគោរពទៅតាមកិច្ចការអនាម័យរបស់ក្រសួង ដែលបានកំណត់ឱ្យបានជាក់លាក់ដើម្បីចៀសវាងអំពីហានិភ័យផ្សេងៗ ។ ឯកឧត្តម បានធ្វើការផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវអនាម័យល្អ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន និង ឯកឧត្តម ងួន រតនៈ ក៏បានចុះពិនិត្យការបង្រៀនតាមរយៈប្រព័ន្ធអ៊ិនធឺណេត ដែលកំពុងធ្វើការបង្រៀននៅសាលាវិទ្យាល័យ នេតយ៉ង់ និងក៏បានបន្តចុះពិនិត្យការដ្ឋានសាងសង់ កែលម្អ និងជួសជុល អគារសាលាបឋមសិក្សា សម្ដេចជាស៊ីម ដែលផ្ដើមដឹកនាំការសាងសង់ដោយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងបានពិនិត្យការដ្ឋានសាងសង់ថ្មី វិទ្យាស្ថានគរុកោសល្យភូមិភាគបាត់ដំបង ដែលកំពុងធ្វើការសាងសង់យ៉ាងមមាញឹកផងដែរ ៕ ដោយ៖ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)