អភិបាលរងខេត្ត បើកវគ្គបណ្ដុះបណ្ដាល ស្តីពីគោលនយោបាយកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

AKP កណ្ដាល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពីគោលនយោបាយ កសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សិក្ខាកាមអ្នកដឹកនាំវ័យក្មេង ជំនាន់ទី៣ ទូទាំងខេត្តកណ្តាល ។

ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល និង ជាប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានបើកវគ្គនេះឡើង គឺដើម្បីបណ្ដុះបណ្ដាល និង បង្កើនសមត្ថភាពដល់មន្ត្រីវ័យក្មេងរបស់រដ្ឋបាលខេត្តកណ្ដាល ដែលមានសក្កានុពល ក្លាយជាអ្នកដឹកនាំល្អ មានសមត្ថភាព មានការយល់ដឹងពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និង ជាអ្នកបន្តវេនដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។ កម្មវិធីគម្រោងអ្នកដឹកនាំវ័យក្មេង បានលេចជារូបរាងឡើងតាំងពីដើម ឆ្នាំ២០១៦ ដែលជាគំនិតផ្ដួចផ្ដើមគាំទ្រដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ។ ឯកឧត្តមបានបន្តថា គម្រោងអ្នកដឹកនាំវ័យក្មេងជំនាន់ទី៣នេះ សរុបមានចំនួន ៨ប្រធានបទសំខាន់ៗ ហើយយើងទើបតែចាប់ផ្ដើមសិក្សាលើប្រធានបទទី៤ នៃគម្រោងនាថ្ងៃនេះ ។ មូលហេតុដែលយើងធ្វើការអូសបន្លាយពេលនៃវគ្គបណ្ដុះបណ្ដាលរបស់គម្រោងនេះតាំងពីចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះគឺដោយសារតែយើងទាំងអស់គ្នាបានចូលរួមការពារពីការរាតត្បាត ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត និងទីចាត់ការធនធានមនុស្ស ត្រូវពិនិត្យលទ្ធភាព និងសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលដែលនៅសេសសល់ របស់គម្រោងអ្នកដឹកនាំវ័យក្មេងជំនាន់ទី៣ និងផែន ការអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាពខេត្ត ឆ្នាំ២០២០ ឱ្យបានឆាប់រហ័ស តាមផែនការ និងសម្របសម្រួលតាមស្ថានភាពជាក់ស្ដែង។ ធ្វើយ៉ាងណាឱ្យគម្រោងនេះប្រព្រឹត្តទៅបានរលូនបន្ទាប់ពីបានពន្យារពេលអស់មួយរយៈកន្លងមកនេះ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះគឺសិក្សាទៅលើ ៣ផ្នែកសំខាន់ៗ រួមមាន៖ ផ្នែកទី១-សិក្សាទៅលើទិដ្ឋភាពទូទៅនៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ខេត្ត។ ផ្នែកទី២-សិក្សាលើទម្រង់សៀវភៅផែនការអភិវឌ្ឍន៍ខេត្ត ។ ផ្នែកទី៣-សិក្សាលើវិធីសាស្រ្តរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ខេត្ត ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)