កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី តាមរយៈប្រព័ន្ធវីដេអូ

AKP​ ភ្នំពេញ ថ្ងៃទី០៥ ខែ​មិថុនា ឆ្នាំ​២០២០–

កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ដែលរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំត្រូវបានដឹកនាំដោយ ឯកឧត្តម ត្រាន់ ទាន់អាន់ (Tran Tuan Anh) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជប៉ុន សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងអគ្គលេខាធិការអាស៊ានផងដែរ។

ជាលទ្ធផលកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានកត់សម្គាល់ និងពិភាក្សាលើសំណើក្នុងការបង្កើតគណៈកម្មការពិសេសជាន់ខ្ពស់ស្តីពីការឆ្លើយតបជំងឺកូវីដ-១៩និងស្តារ សេដ្ឋកិច្ចឡើងវិញរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។

ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏បានផ្លាស់ប្តូរបទពិសោធន៍គ្នាលើការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ និងពិភាក្សាលើការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ នៅក្នុង​ឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានចែករំលែក និងផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិកក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រើប្រាស់ឧស្សហកម្ម៤.០ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់។

ដោយឡែក ពាក់ព័ន្ធនឹង​កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បូកបី បណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី បានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ១៩។

នៅក្នុង​កិច្ច​ប្រជុំពិសេស​រដ្ឋមន្ត្រីសេដ្ឋកិច្ច​អាស៊ានបូកបី ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការឆ្លើយតបរហ័ស និងស្របគ្នា និងកិច្ចសហការគ្នាតាមរយៈយន្តការអាស៊ានបូកបី ដែលមានស្រាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងបានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កូរ៉េ ដែលបានជួយដល់កម្ពុជាក្នុងការទប់ទល់នឹងជំងឺកូវីដ-១៩ តាមរយៈជំនួយហិរញ្ញវត្ថុ បច្ចេកទេស និងគ្រូពេទ្យ ជាដើម៕ ដោយ៖ទេស ច័ន្ទសុធារី