សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ០៤.០៦.២០

១.អាមេរិក៖ លោកយីម ម៉ាទីស អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកបានបន្ទោសយ៉ាងខ្លាំងដល់លោកដូណាល់ត្រាំដោយចោទប្រកាន់ប្រធានាធិបតីថា បានព្យាយាមបែងចែកពលរដ្ឋអាមេរិក និងគ្មានភាពជាអ្នកដឹកនាំដែលមានភាពចាស់ទុំនៅពេលដែលប្រទេសនេះ ទទួលរ៉ងនូវបាតុកម្មតវ៉ាជាច្រើនថ្ងៃស្ទើរទូទាំងប្រទេស ។ លោក យីម មាទីស និយាយថា លោកដូណាល់ត្រាំ ជាប្រធានាធិបតីទីមួយដែលលោកជួបនៅក្នុងជីវិតដែលមិនព្យាយាមបង្រួបបង្រួមពលរដ្ឋអាមេរិកឡើយ ។

២.កូរ៉េខាងជើង៖ នៅថ្ងៃទី៤ មិថុនា នេះកូរ៉េខាងជើងបាននិយាយថា សហរដ្ឋអាមេរិកគ្មានសិទ្ធក្នុងការរិះគន់ប្រទេសចិនលើករណីទីក្រុងហុងកុងឬសិទ្ធិមនុស្សឡើយ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងគំរាមព្រលែងឆ្កែ ដើម្បីបង្ក្រាបការប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅក្នុងប្រទេសរបស់ខ្លួន ។ គណបក្សពលករកូរ៉េបានរិះគន់ការអត្ថាធិប្បាយថ្មីៗរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកម៉ែកប៉ុមប៉េអូ ។

៣.អាឡឺម៉ង់៖ រដ្ឋាភិបាលអាឡឺម៉ង់បានឯកភាពលើច្បាប់ដែលនឹងជំរុញឲ្យមានការបណ្តេញទាហានដែលពាក់ព័ន្ធនឹងភាពជ្រុលនិយម ឬឧក្រិដ្ឋកម្មធ្ងន់ធ្ងរណាមួយ ចេញពីជួរទ័ព ។ សេចក្តីស្នើច្បាប់កាលពីថ្ងៃទី៣ មិថុនា ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិបានអនុញ្ញាតឱ្យយោធាបណ្តេញទាហានចេញយ៉ាងឆាប់រហ័សប្រសិនបើវត្តមានរបស់ពួកគេអាចនឹងធ្វើឲ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បទបញ្ជាយោធា ឬកេរ្តិ៍ឈ្មោះរបស់កងទ័ព ហើយដែលបានបម្រើការងារតិចជាងប្រាំបីឆ្នាំ ។

អត្ថបទ ឆាយ វីកាល