ឯកឧត្តម សែម សុវណ្ណនី ស្នើសុំទៅជប៉ុនបន្តជួយហ្វឹកហ្វឺនដល់គ្រូបង្គោលវិស្វកម្មកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០—-

ឯកឧត្តម សែម សុវណ្ណនី ស្នើសុំទៅជប៉ុនបន្តជួយហ្វឹកហ្វឺនដល់គ្រូបង្គោលវិស្វកម្ម កម្ពុជាតាមទិដ្ឋភាពជាក់ស្តែងនៃតំបន់បេសកកម្ម ដើម្បីបន្តផ្តល់ការហ្វឹកហ្វឺនមុនចល័តកង វិស្វកម្មកម្ពុជាសម្រាប់បេសកកម្មអង្គការសហប្រជាជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្នើសុំបែបនេះ នៅក្នុងពិភាក្សាការងារជាមួយ លោក MORI Nobou លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលជាតិរក្សា សន្តិភាព នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តមលើកឡើងថា ការស្នើសុំនេះ ដើម្បីពង្រឹងសមត្ថភាព គ្រូបង្គោលវិស្វកម្ម កម្ពុជា សម្រាប់បណ្តុះបណ្តាលបន្តទៅកងទ័ពមួកខៀវកម្ពុជា ឱ្យមានចំណេះច្បាស់លាស់ មុនចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ។

ក្នុងជំនួបនោះដែរ ឯកឧត្តម អគ្គនាយក បានសូមឱ្យភាគីជប៉ុន បន្តផ្តល់អាហារូបករណ៍ ដល់សិក្ខាកាមឆ្នើម ក្រោមការហ្វឹកហ្វឺនរបស់យោធាចារ្យជប៉ុន ឱ្យទៅបំប៉នបន្ថែម រយៈពេលខ្លី ឬមធ្យម នៅសាលាវិស្វកម្ម នៃប្រទេសជប៉ុន និងសុំឱ្យជប៉ុនផ្តល់ការហ្វឹកហ្វឺនទាំងស្រ្តីស្តី និងការអនុវត្តជាក់ស្តែងលើជំនាញវាស់ស្ទង់ តាមរយៈម៉ាស៊ីនទំនើប និងការប្រើប្រាស់ Drone ផង ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បច្ចុប្បន្ន ដែលមានការស្មុគ្រស្មាញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើទៅភាគីជប៉ុនជួយជាថវិកា ដើម្បីធ្វើការសាង សង់អគារ កម្ពស់៥ជាន់ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះបណ្តុះបណ្តាលជំនាញវិស្វកម្មថ្នាក់តំបន់ នៅឆ្នាំ២០២៣ ឬឆ្នាំ២០២៤ខាងមុខ ដែលមានត្រីភាគីជាអ្នករៀបចំ គឺអង្គការសហប្រជាជាតិ កម្ពុជា និងជប៉ុន។

លោក MORI Nobou លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា គ្រោងនឹងបើកវគ្គបណ្តុះបណ្តាលនៅក្នុងខែកញ្ញា ឬខែតុលា ឆ្នាំ២០២០ តែបើនៃការឆ្លងរីក រាលដាលនៃជំងឺកូវីដ ១៩ មិនបានធូរស្រាលទេ នឹងលើកទៅឆ្នាំក្រោយវិញ។

គួរបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន ជប៉ុនបានបើកវគ្គហ្វឹក ហ្វឺនក្នុងប្រទេសកម្ពុជា ដល់កម្លាំងទ័ពមួកខៀវកម្ពុជា បានចំនួន៦វគ្គរួចមកហើយ ដែលមានសិក្ខាកាមសរុប១១៤នាក់ លើជំនាញបច្ចេកទេសវិស្វកម្ម និងវាស់ស្ទង់។ សម្រាប់ វគ្គហ្វឹកហ្វឺននៅក្រៅប្រទេស ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ មានសិក្ខាកាមសរុប៧នាក់ លើជំនាញបំប៉នវិស្វកម្មសំណង់ផ្តេក និងគ្រឿងផ្ទុះ៕ដោយ៖សំ សាម៉ន